រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ស្រុកបាណន់

នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ចំនួន២ ៣៨៤រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ។
អញើញមានប្រសាសន៍សំណេះសំណាលនាឱកាសនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកបាណន់ទាំងមូល ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យស្រុកមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរួមចំណែកឱ្យសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។
សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងការដឹងគុណ និងអរគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងស្រុកបាណន់ ដែលតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គមដូចសព្វថ្ងៃ។ សម្ដេចបន្ថែមថា យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ បានកត់ត្រា និងចងចាំជានិច្ចនូវស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់ជំនាន់។
ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង សម្ដចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់គ្រប់ថ្នាក់ ដែលបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងទាំងធនធាន និងស្មារតី ធ្វើឱ្យរដ្ឋបាលស្រុក និង ឃុំ សង្កាត់ ទូទាំងស្រុក កាន់តែមានលទ្ធភាពក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ពិសេសការផ្ដល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ សម្ដេចក៏បានគូសបញ្ជាក់អំពីសមិទ្ធផលរយៈពេល ៥ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងមានជំនឿថា អង្គពិធីទាំងមូលពិតជាបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសផលវិបាកបង្កឡើងដោយសង្គ្រាម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ទន្ទឹមនឹងការវិវត្តប្រែប្រួលស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តរិះរកគ្រប់វិធីប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម ដើម្បីឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិ។
យ៉ាងណាក៏ដោយ សម្ដេចបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពី មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះរួមទាំងក្នុស្រុកបាណន់ផងដែរ ។
សម្ដេចបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើនដែលត្រូវអនុវត្ត ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងបានបង្ហាញសុទិដ្ឋិនិយមថា ផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមក និងដោយមានការគាំទ្រពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបាណន់ ប្រទេសជាតិនឹងបន្តអភិវឌ្ឍរីកច្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានប្រគល់ជូននូវរថយន្តគិលានសង្រ្គោះ ចំនួន៥គ្រឿង ជូនដល់ឃុំចំនួន៥នៃស្រុកបាណន់ខេត្តបាត់ដំបង គឺឃុំចែងមានជ័យ ឃុំបាយដំរាំ ឃុំភ្នំសំពៅ ឃុំស្នឹង និងឃុំតាគ្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង តាមរយៈ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ៕

អត្ថបទទាក់ទង