ក្រោយទទួលបានព័ត៌មានស្តីពី ប្អូនស្រី សៀប ស្រីរ៉ា អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យបួ រស់នៅ ភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងមានជំងឺមហារីកជើងធ្ងន់ធ្ងរ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងលោកជំទាវ បានចាត់អោយ ក្រុមគ្រួសារពេទ្យមណ្ឌលសុខភាពបួ ស្រុកភ្នំព្រឹក បញ្ជូនមកព្យាបាល និងធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ពេលនេះដែរប្អូនស្រី និងក្រុមគ្រួសារបានមកដល់មន្ទីរពេទ្យ ដោយមានការយកចិត្តទុកពីសំណាក់ក្រុមគ្រូពេទ្យ និងត្រូវបានពិនិត្យតាមដែនដោយយកចិត្តទុកបំផុត ។ ដោយស្ថានភាពជំងឺមហារីកជើងធ្ងន់ធ្ងរ និងដោយមានការយល់ព្រមពីគ្រួសារ ប្អូនស្រីត្រូវបានបញ្ជូនចូលបន្ទប់វះកាត់ដោយតម្រូវធ្វើការវះកាត់បន្ទាន់។
គួរបញ្ជាក់ថា ឯកឧត្តម និងលោកជំទាវ នឹងធ្វើការឧបត្ថម្ភរាល់ការចំណាយទាំងអស់ទាំងការព្យាបាល ការស្នាក់នៅព្រមទាំងថ្លៃអាហារផងដែរ។
ឯកឧត្តម សុខ លូ និងលោកជំទាវ បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន២លានរៀល បន្ថែមពីលើថវិកាឧបត្ថម្ភរបស់កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងចំនួន ២លានរៀលទៀត សរុបចំនួន ៤លានរៀល ដើម្បីផ្តល់ជូនក្រុមគ្រួសារប្អូនស្រី សៀប ស្រីរ៉ា។ ពេលនេះប្អូនស្រីត្រូវបានធ្វើការវះកាត់រួចរាល់ហើយ(កាត់ជើង) និងកំពុងសម្រាក់ព្យាបាលមុខរបួសបន្តក្រោមការ ពិនិត្យតាមដានដោយយកចិត្តទុកបំផុតរបស់គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត។