រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត ១ខ្នង នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត ១ខ្នង កម្ពស់ ៤ជាន់ ១២បន្ទប់ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និងសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងបរិវេណវត្តដំរីស ភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ពិធីនេះបានប្រារព្ធឡើងដោយមានការមន្តចូលរួមពី សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះអគ្គារធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះមេគណរាជធានីភ្នំពេញ, ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង, ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងព្រះមន្រ្តីសង្ឃ, ថ្នាក់ដឹកនាំនិងមន្រ្តីរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងអង្គពិធីជាច្រើនអង្គ-នាក់ទៀត។
ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត បានមានព្រះថេរៈដីការឱ្យដឹងថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបង្កើតលើងនៅឆ្នាំ១៩៥៤ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះបរមរតនកោដ្ឋ និងបានបិទទ្វារនៅឆ្នាំ១៩៧២ រហូតដល់ឆ្នាំ២០០០ ទើបដំណើរការឡើងវិញក្នុងឋានៈជាមហាវិទ្យាល័យ និងត្រូវបានតម្លើងជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយមានមហាវិទ្យាល័យចំនួន ៤ រួមមានមហាវិទ្យាល័យទស្សនវិជ្ជា មហាវិទ្យាល័យបាលីសំស្ក្រឹត និងភាសាបរទេស មហាវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងព័ត៌មានវិទ្យា និងមហាវិទ្យាល័យអក្សរសាស្រ្តខ្មែរ។
ព្រះមុនីកោល្យបានមានព្រះថេរៈដីការទៀតថា បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យមានសិស្សកំពុងសិក្សាសរុប ៣ ៧៥៦ អង្គ-នាក់ ទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ព្រះអង្គបន្តថា បច្ចុប្បន្នពុទ្ធិកសាកលវិទ្យាល័យមាន ៣ ទីតាំង រួមមាននៅខេត្តកំពង់ឆ្នាំង ទីតាំងគោលនៅរាជធានីភ្នំពេញ និងទីតាំងនៅខេត្តបាត់ដំបង ដែលដំណើរការនៅឆ្នាំ២០០៨ ដោយសម្ដេចអគ្គមហាធម្មពោធិសាល កិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម និងលោកជំទាវ បានផ្ដល់អគារសិក្សា១ខ្នង និងចុងក្រោយនេះបានទទួលការឧបត្ថម្ភបន្ថែមពីឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ។
សម្រាប់អគារសិក្សាឧបត្ថម្ភដោយឯកឧត្តម ជា ចាន់តូ និងលោកជំទាវនេះ ត្រូវបានប្រសិទ្ធនាមថា អគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត ចាប់ផ្ដើមកសាងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានបណ្ដោយ៣០ម៉ែត្រ ទទឹង២១ម៉ែត្រ កំពស់៤ជាន់ មានបន្ទប់សិក្សា១២បន្ទប់ បន្ទប់រង់ចាំ១ សាលប្រជុំ១ និងបន្ទប់ទឹក១ មានបំពាក់សម្ភារៈទំនើបបម្រើឱ្យដំណើរការបង្រៀន និងរៀនមួយចំនួនទៀត ចំណាយទឹកប្រាក់ប្រមាណ ១លានដុល្លារអាមេរិក។
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងបញ្ជាក់នូវសេចក្ដីរីករាយជ្រះថ្លាក្រៃលែង ក្នុងការអញ្ជើញមកចូលរួមជាអធិបតី នៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ក្នុងឱកាសប្រកបដោយភាពដ៏អធិកអធមនាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានសម្តែងនូវមោទកភាពចំពោះការរីកចម្រើនជាលំដាប់របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រួមទាំងសាខាខេត្តបាត់ដំបង រួមចំណែកបណ្ដុះបណ្ដាលសិស្ស និងនិស្សិតទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាជាច្រើនអង្គ/នាក់ ឱ្យក្លាយជាបណ្ឌិតបញ្ញវន្ដ និងជាធនធានមនុស្សដ៏ចាំបាច់សម្រាប់ដំណើរការកសាងអភិវឌ្ឍ សង្គមជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
សម្ដេចបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម បណ្ឌិត ជា ចាន់តូ និងលោកជំទាវ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានជាច្រើន ដើម្បីចូលរួមអភិវឌ្ឍវិស័យពុទ្ធសាសនា ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។ សម្ដេចបន្តថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះ រាជរដ្ឋាភិបាល តែងបានខិតខំកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានផ្តល់ជាប្រយោជន៍ជូនប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់ ហើយការរីកចម្រើនន ពុទ្ធិកសាកលវិទ្យាល័យជាផ្នែកមួយនៃការផ្ដល់ឱកាសដល់កូនចៅប្រជាពលរដ្ឋក្នុងការទទួលបានចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព។
សម្ដេចបានចាត់ទុកព្រះពុទ្ធសាសនា ថាជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិត និងផ្តល់នូវពុទ្ធិឱ្យមនុស្សប្រព្រឹត្តិនូវអំពើជាកុសល យកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិឱ្យដល់កុលបុត្រ កុលធីតា ជាសមណសិស្ស-និស្សិត ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អ សម្រាប់សង្គមជាតិ ជាពិសេស ក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន។
ពីវេទិកាអធិបតីនោះដែរ សម្ដេចបានទាញការកត់សម្គាល់ថា មានកត្តា ៣ សំខាន់ ញាំងឱ្យការកសាងសមិទ្ធផលនានាអាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើន គឺទី១ កត្តាសុខសន្តិភាព ដែលឱ្យខេត្តបាត់ដំបង ក៏ដូចជាទូទាំងផ្ទៃប្រទេស មានឱកាសបញ្ចេញនូវសក្តានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។ ទី២ កត្តាសិទ្ធិសេរីភាព ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចគោរពប្រតិបត្តិ តាមជំនឿសាសនារៀងៗខ្លួន ដើម្បីទទួលបាននូវសន្តិភាពក្នុងផ្លូវចិត្ត និងទី៣ គឺកត្តារីកចម្រើន នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្ដល់លទ្ធភាពដល់ពួកគាត់អាចចូលរួមចំណែកអភិវឌ្ឍន៍សមិទ្ធផលនានាតាមជំនឿ និងសទ្ធាជ្រះថ្លារបស់ខ្លួន។
សម្ដេចបានគូសបញ្ជាក់ថា សមិទ្ធផលទាំងខាងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដែលប្រទេសជាតិសម្រេចបានរហូតមកទល់ពេលនេះ ពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីនយោបាយ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានា ជាមួយការចាត់តាំងអនុវត្តដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។
ក្នុងឱកាសនោះដែរ សម្ដេចក៏បានផ្ដល់នូវអនុសាសន៍ និងមតិផ្ដាំផ្ញើឱ្យគ្រប់តួអង្គក្នុងសង្គម បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង រួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ហើយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យ ត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ បន្តរួមគ្នាខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានដើម្បីកសាងស្រុក-ក្រុង ឃុំ- សង្កាត់ ភូមិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
ខណៈព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ SEA GAME លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាព្រឹត្តិការណ៍ដ៏ធំ និងមានអ្នកចូលរួមពីគ្រប់មជ្ឈដ្ឋាន សម្ដេចបានបន្តអំពាវនាវមន្ត្រីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធានាអោយ បាននូវសន្តិសុខ និងសុវត្ថិភាពសម្រាប់ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ហើយទន្ទឹមគ្នានោះដែរ ត្រូវចូលរួមគាំទ្រការរៀបចំព្រឹត្តិការណ៍ធំមួយទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
សម្ដេចបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាមានតួនាទីសំខាន់ៗ គឺទី១ ជាអ្នកចូលរួមក្នុងការការពារ សន្តិសុខសណ្តាប់ធ្នាប់ពេលបោះឆ្នោតអោយប្រព្រឹត្តទៅបានដោយសេរី យុត្តិធ៌ម និងគ្មានការគំរាមកំហែង, ទី២ ត្រូវអនុវត្តសិទ្ធិក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីរៀបចំរដ្ឋាភិបាលថ្មី។ សម្ដេចក៏អំពាវនាវមន្ត្រីរាជការស៊ីវិល និងកងកម្លាំងគ្រប់ប្រភេទទាំងអស់ខិតខំបំពេញភារកិច្ចអោយបានគ្រប់ជ្រុងជ្រោយ និងសហការគ្នាឱ្យបានល្អ ហើយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សម្រាប់ជាមូលដ្ឋានអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនបន្តទៀត៕

អត្ថបទទាក់ទង