រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានិត ចែកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២

នៅព្រឹកថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៥ ជាពិសេស គឺការចែកអាវភ្លៀង ជូនដល់បងប្អូនកងកម្លាំង ខណៈរដូវវស្សាបានមកដល់។
កម្មវិធីបែងចែកអាវភ្លៀង និងអាវរងា ជូនកងកម្លាំងប្រដាប់អាវុធ តែងតែធ្វើជាប្រចាំ ហើយនេះបានបង្ហាញពីការយកចិត្តទុកដាក់ គិតគូរជាប្រចាំនូវសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។
សម្តេចតេជោ បានយកជីវិតរបស់ខ្លួនទៅប្តូរយកសន្តិភាព ដែលយើងកំពុងសោយសុខនឹងផ្លែផ្កាសន្តិភាពរហូតដល់ពេលនេះ។ ដូចនេះក្នុងនាមជាកងទ័ព កងកម្លាំងប្រដាប់អាវុធ យើងត្រូវបេ្តជ្ញា កសាងសមត្ថភាព បង្កើនឆន្ទៈ លះបង់ឱ្យអស់កម្លាំងកាយចិត្ត ពេលវេលា និងបូជាជីវិត ដើម្បីធានាការពារបូរណភាពទឹកដី សុខសន្តិភាព សន្តិសុខសង្គម និងសុវត្ថិភាពជូនប្រជាជនកម្ពុជា។
ចំពោះកងទ័ព ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើង ក្រៅពីបំពេញការងារស្នូលរបស់ខ្លួន បងប្អូនកងកម្លាំង តែងតែចូលរួមសកម្មភាពការងារសង្គម ជួយប្រជាពលរដ្ឋដែលជួបប្រទះការលំបាក ជួបខ្យល់កន្ត្រាក់ គ្រោះមហន្តរាយជាដើម។ ជាក់ស្តែងក្រៅពីអាវភ្លៀង សម្រាប់ចែកជូនកងកម្លាំងប្រដាប់អាវុធនាថ្ងៃនេះ កងពលតូចថ្មើរជើងលេខ៥២ ក៏ទទួលបានអង្ករ សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និងស័ង្កសី ចំនួន ៥០០០ សន្លឹក ដើម្បីយកមកជួយដល់គ្រួសារកងទ័ព ប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិផ្សេងៗ ផងដែរ ៕

អត្ថបទទាក់ទង