រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ខេត្តបាត់ដំបងនឹងរៀបចំពិធីដង្ហែ និងទទួលជាផ្លូវការនូវព្រះអគ្គីកីឡា​

  • 359
  • ដោយ teavvisal

នារសៀលថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំទទួលព្រះអគ្គីកីឡា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលនឹងធ្វើដំណើរមកដល់ទឹកដីជំរុកស្រូវ ខេត្តបាត់ដំបង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ បានលើកឡើងថា ខេត្តបាត់ដំបង នឹងប្រារព្ធពិធីទទួលនូវព្រះអគ្គីកីឡាដែលនឹងដង្ហែមកដល់ត្រង់ចំណុចព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ត្រង់ម្ដុំឃុំស្វាយដូនកែវ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ រួចនឹងធ្វើការបន្តដង្ហែព្រះអគ្គីកីឡា ដោយមានក្បួនដង្ហែអមដោយ ក្រុមកីឡាករ កីឡាការិនីប្រចាំខេត្តបាត់ដំបង ក្រុមកង់ប្រចាំខេត្តបាត់ដំបង រហូតមកដល់ វង្វង់មូលព្រាបពណ៌ស រួចបន្តក្បួនដង្ហែរនេះឆ្ពោះទៅកាន់ រង្វង់មូលលោកតាដំបងក្រញូង ហើយបន្តដំណើរទៅវេទិកានៃទីរួមខេត្តបាត់ដំបងដើម្បីធ្វើពិធីទទួលព្រះអគ្គីកីឡា មុននឹងបន្តធ្វើដំណើរដង្ហែរព្រះអគ្គីទៅតម្កល់នៅក្នុងវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបង ដើម្បីឲ្យព្រះសង្ឃធ្វើកិច្ចពិធីសាសនាតាមបែបព្រះពុទ្ធសាសនា ដើម្បីផ្ដល់ជាជ័យមង្គលជូនប្រជាជនទាំងអស់ដែលរស់នៅក្នុងដែនសមត្ថកិច្ចនៃខេត្តបាត់ដំបង។
ឯកឧត្តមមានប្រសាសន៍ណែនាំដល់រដ្ឋបាលស្រុកដែលពាក់ព័ន្ធ និងក្រុមការងារពាក់ព័ន្ធទាំងអស់សូមត្រៀមរៀបចំនៅតាមដងផ្លូវ ដើម្បីត្រៀមទទួលនៅភ្លើងព្រះអគ្គីកីឡាក៏ដូចជាគណៈប្រតិភូដែលបានចូលរួមទាំងអស់ ក្នុងនោះឯកឧត្តមបានណែនាំដល់រដ្ឋបាលស្រុកពាក់ព័ន្ធ រៀបចំឱ្យមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និស្សិត ក៏ដូចជាប្រជាពលរដ្ឋ ឱ្យបានច្រើនកុះករ ដើម្បីចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ទទួលនូវព្រះអគ្គីកីឡា ដែលដង្ហែចូលមកក្នុងខេត្តបាត់ដំបងនេះ និងចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដនេះ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ខាងមុខនេះ ។ ឯកឧត្តមក៏អំពាវនាវបន្ថែម សូមឲ្យប្រជាពលរដ្ឋនៅតាមដងវិថីនៃផ្លូវជាតិលេខ ៥ ដូចជាវិថីដែលពាក់ព័ន្ធនឹងក្បួនដង្ហែ សូមមេត្តាជួយសម្អាតបរិស្ថាននៅតាមដងផ្លូវ នឹងដាក់នៅទង់ជាតិនៅតាមមុខផ្ទះរៀងៗខ្លួនដើម្បីត្រៀមខ្លួនក្នុងការទទួលអបអរនូវព្រះអគ្គីកីឡាឲ្យមានភាពឱឡារិកអធិកអធម្ម ដើម្បីផ្ដល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តមមួយ ដែលមិនអាចកាត់ថ្លៃបានដែលអាចចារនៅក្នុងប្រវត្តិសាស្រ្តនៃខេត្តបាត់ដំបងយើងនេះផងដែរ ៕

អត្ថបទទាក់ទង