រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ

  • 230
  • ដោយ teavvisal

នៅព្រឹកថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ និងក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំង១៤ក្នុងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការសាលាខេត្តដែលពាក់ព័ន្ធមួយចំនួនទៀត នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់ រដ្ឋបាលក្រុង ស្រុកទាំង១៤ កងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ ក្នុងការការពារនូវសន្តិសុខ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យមានសុវត្តិភាព និងសណ្ដាប់ធ្នាប់ប្រកបដោយប្រសិទ្ធភាពបំផុត ដោយក្នុងនោះត្រូវរៀបចំកងកម្លាំង ក៏ដូចជាត្រៀមនូវរថយន្តអគ្គិភ័យរួចជាស្រេច ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ និងធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានអញ្ជើញមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបង និងសង្ក្រាន្តបាត់ដំបងនៅឆ្នាំ ២០២៣ នេះ ដោយគ្មានការភ័យខ្លាច។
ឯកឧត្តមក៏បានអំពាវនាវដល់ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងទីកន្លែងកំសាន្តទាំងអស់នៅក្នុងខេត្តបាត់ដំបង សូមរក្សានូវតម្លៃផលិតផល ឬសេវាកម្មរបស់ខ្លួនឲ្យនៅតម្លៃថេរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តបាត់ដំបងឲ្យកាន់តែច្រើន។
ឯកឧត្តមមានប្រសាសន៍បញ្ជាក់ទៀតថា រដ្ឋបាលក្រុង ស្រុក ត្រូវសហការជាមួយនឹងមន្ទីរទេសចរណ៍ ដើម្បីជម្រុញការគ្រប់គ្រង និងរក្សាការពារនូវអនាម័យ និងធានាថាស្អាត មិនថាអំឡុងពេលពិធីបុណ្យចូលឆ្នាំ និងក្រោយពេលពិធីបុណ្យចូលឆ្នាំ ព្រមទាំងធានាថាស្អាតគ្រប់ពេលវេលា ដើម្បីធានានូវផាសុខភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលបានមកទស្សនាខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ បានបន្តទៀតថា សូមឲ្យប្រជាជនដែលរស់នៅក្នុងខេត្តបាត់ដំបង និងភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងខេត្តបាត់ដំបង ចូលរួមសប្បាយទាំងអស់គ្នានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ៕

អត្ថបទទាក់ទង