រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីបើកការដ្ឋានស្ថាបនាផ្លូវលេខ៤ តភ្ជាប់ពីផ្លូវជាតិលេខ៥ កំណាត់ផ្លូវលេខ១៥៣ និងការដាក់ប្រព័ន្ធលូរំដោះទឹក

  • 211
  • ដោយ teavvisal

នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវលេខ៤ ដែលតភ្ជាប់ពីផ្លូវលេខជាតិលេខ៥ (រង្វង់មូលព្រះនរាយណ៍) មកដល់ផ្លូវលេខ៥៧ (ស្ដុបពេទ្យពពីរ) ប្រវែង២,៦០០ម៉ែត្រ ទទឹង១២ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលតាឯក សង្កាត់អូរចារ និងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កំណាត់ផ្លូវលេខ១៥៣ (អតីតផ្លូវជាតិលេខ១០) ចាប់ពីពេទ្យពពីរ រហូតដល់រង្វង់មូលនាងរំសាយសក់ ប្រវែង១,៦៧៤ម៉ែត្រ ទទឹង២០ម៉ែត្រ និងដាក់ប្រព័ន្ធលូរំដោះទឹកមុខកាត់១០០ ស្ថិតក្នុងសង្កាត់ទួលតាឯក និងសង្កាត់វត្តគរ ក្រុងបាត់ដំបង ។
ឯកឧត្តម សុខ លូ បានលើកឡើងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ខេត្តបាត់ដំបង ជាប៉ូលសេដ្ឋកិច្ចទី៤នៃតំបន់ភូមិភាគពាយព្យនៃប្រទេសកម្ពុជា ដោយបានកំណត់តំបន់ជុំវិញបឹងទន្លេសាប ដែលក្នុងនោះមានខេត្តបាត់ដំបង ជាច្រករបៀង វារីវប្បកម្ម ដូចជា ការចិញ្ចឹមត្រី បង្កង បង្គារ ក្តាម និងអង្ករ ។
ឯកឧត្តម បានបន្តថា ក្រោយការបង្កើតច្រករបៀងហើយសេដ្ឋកិច្ចខេត្តបាត់ដំបង នឹងមានសន្ទុះលឿន ខណៈបច្ចុប្បន្នសេដ្ឋកិច្ចខេត្តបាត់ដំបង បានចូលរួមទ្រទ្រង់សេដ្ឋកិច្ចជាតិស្មើនឹង៨,៨% ដោយមិនទាន់បានដាក់ចូលជាប៉ូលសេដ្ឋកិច្ចផង ។ ទន្ទឹមនឹងនោះព្រលានយន្តហោះ ខេត្តបាត់ដំបង ក៏ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិឱ្យសិក្សា ដាក់ជាប្រភេទយន្តហោះខ្នាត4C ដែលព្រលានប្រភេទ 4C នេះស្មើនឹងព្រលានយន្តហោះខ្នាតតូចរបស់ខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ ដែលហោះពីកូរ៉េ សាំងហ្គាពួរ ឬពីចិនមកបាន ក្នុងនោះនៅបានសិក្សាចប់សព្វគ្រប់ផ្លូវកាត់មានប្រវែង៧២គ.ម ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប ដើម្បីបង្កើនភ្ញៀវទេសចរមកលេងខេត្តបាត់ដំបង ។
ឯកឧត្តម បានបញ្ជាក់ថា កត្តាសំខាន់សូមចូលរួមធ្វើឱ្យខេត្តបាត់ដំបង មានការទាក់ទាញ ជាពិសេសសណ្ឋាគារ ផ្ទះសំណាក់ ការលក់ដូរមានតម្លៃសមរម្យ មិនថ្លៃពេក រួមជាមួយនឹងមុខម្ហូបឆ្ងាញ់ពិសា មានអនាម័យល្អ ទីក្រុងស្អាត មានដើមឈើ និងបរិស្ថានបៃតងគ្រប់រដូវកាល ដើម្បីទាក់ទាញភ្ញៀវទេសចរមកម្តងហើយចង់មកម្តងទៀត ក្នុងនោះសូមឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាដើមឈើនៅមុខផ្ទះដែលមានស្រាប់ឱ្យបានគង់វង្ស ដើម្បីបរិស្ថានរបស់ក្រុងបាត់ដំបង យើងកាន់តែមានភាពបៃតងគ្រប់រដូវកាល ខណៈក្រុងបាត់ដំបងនឹងក្លាយជាទីក្រុង Smart City នាពេលដ៏ខ្លីខាងមុខនេះ ។
ឯកឧត្តម បានលើកឡើងថា ក្រុងបាត់ដំបង រហូតមកដល់ពេលនេះ កំពុងវិវឌ្ឍន៍រីកចម្រើន ប្រែក្លាយជាមជ្ឈមណ្ឌលរដ្ឋបាលពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ជាពិសេសខេត្តបាត់ដំបង កំពុងទទួលបាន ការចាប់អារម្មណ៍ពីវិនិយោគិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលសមិទ្ធផលកើតឡើងទាំងអស់នេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរួមគ្នា ពីរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងការជួយឧបត្ថម្ភគាំទ្រពីសំណាក់ដៃគូរអភិវឌ្ឍន៍នានា តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានធ្វើការណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ត្រូវបន្តការខិតខំបំពេញមុខងារភារកិច្ចរបស់ខ្លួនឱ្យខ្លាំងថែមទៀត ដើម្បីឆ្លើយតបជាវិជ្ជមានចំពោះការលើកកម្ពស់ប្រសិទ្ធភាពរដ្ឋបាលតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ការកាត់បន្ថយភាពក្រីក្រ និងការអនុវត្តគោលការណ៍អភិបាលកិច្ចល្អតាមរយៈការបង្ខិតសេវារដ្ឋបាលសាធារណៈឱ្យជិតប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងថែមទៀត ៕

អត្ថបទទាក់ទង