រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋរស់នៅក្នុងឃុំ អូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង បានសម្តែងនូវ ទឹកចិត្តសប្បាយរីករាយអញ្ជើញចូលរួមពិធីសម្ពោធ ទទួលនូវ អគារសិក្សាថ្មី ១ ខ្នង ៥ បន្ទប់ ជាអំណោយ ដ៏សប្បុរសរបស់ អង្គការសម្រេចសុបិនកុមារ ។

  • 1.4ពាន់
  • ដោយ Sotheavy

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សានេះបានប្រព្រឹត្តិទៅ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩ ក្រោមធិ់បតីភាព ឯកឧត្ដម អ៊ុយ សុធាវី អភិបាលរងខេត្ត តំណាង ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ត្រីរាជការ រដ្ឋបាលមូលដ្ឋាន សប្បុរសជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះលោកលោកស្រី ជាស្ថាបនិក នៃអង្គការសម្រេចសុបិនកុមារ ដែលអញ្ជើញមកពីបណ្តាប្រទេសនានា និង ប្រធានអង្គការសម្រេចសុបិនកុមារប្រចាំប្រទេសកម្ពុជា ដែលបានគៀងគររកថវិកា មកជួយស្ថាបនា សាងសង់សាលារៀននៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ព្រមទាំងស្មារតីយកចិត្តទុកដាក់របស់ រដ្ឋបាលគ្រប់ថ្នាក់ សមាគមមាតាបិតាសិស្ស សប្បុរសជនផងដែរ ដែលបានបរិច្ចាកនូវធនធាន ថវិកា ក្នុងការសាងសង់ នូវសមិទ្ធផលនានាក្នុងសាលា ឲ្យមានសោភ័ណភាពរបៀបរៀបរយល្អ ។

ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍ គូសបញ្ជាក់ថា អគារសិក្សាថ្មីបំរើឲ្យ វិស័យអប់រំ ដ៏មានសារៈសំខាន់នេះគឺជាការឆ្លើយតបទៅ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន បានផ្តល់ផលប្រយោជន៍ យ៉ាងធំធេង បង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្សបានចូលសិក្សារៀនសូត្រ ប្រកបដោយផាសុខភាព និងសុវត្ថិភាព បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម ក៏បានធ្វើការអំពាវនាវ និងសំនូមពរផងដែរ ដល់មាតាបិតា អាណាព្យាបាលសិស្ស ត្រូវតាមដានការសិក្សារបស់កូនៗ ដោយសហការ ទំនាក់ទំនងលោកគ្រូ អ្នកគ្រូ ឲ្យបានល្អ និងជាពិសេសចំពោះកូនៗ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យ ទទួលបានលទ្ធផលល្អ ត្រូវយកចិត្តទុកដាក់ស្តាប់លោកគ្រូអ្នកគ្រូ គោរពនូវវិន័យសាលា ហើយនិង ត្រូវជៀសវាងឆ្ងាយពីគ្រឿងញៀន។

សូមបញ្ជាក់ថា ការសាងសង់អគារសិក្សាថ្មីនេះ ចំណាយអស់ទឹកប្រាក់ ៤៨.២៤០ ដុល្លារសហរដ្ឋអាមេរិក ព្រមទាំងសិស្សានុសិស្សទទួលបាននូវ កាបូបដាក់សៀវភៅ ១ ក្នុងម្នាក់ៗ ផងដែរ ។ រូបភាព និងអត្ថបទ៖ San Chhang

អត្ថបទទាក់ទង