រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ ទទួលបានសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” និងសៀវភៅសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុបចំនួន ៥០៥ ក្បាល

  • 240
  • ដោយ teavvisal

នៅរសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅសរុបចំនួន ៥០៥ ក្បាល ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដោយក្នុងនោះមានសៀវភៅ ៖
-កូនប្រុសច្បងដ៏មានឥទ្ធិពល
-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី
-ទឹកចិត្តអ្នកជួយសង្គ្រោះ
-សម្តេច ហ៊ុន សែន 3យន្តការឈ្នះកូវីដ-១៩
-សម្តេច ហ៊ុន សែន កំពូលស្ថាបនិក -បិតាសន្តិភាពរបស់កម្ពុជា
និង-វីរបុរស ០៧១
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។ ឯកឧត្តម បន្តទៀតថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំនឹងនាំយក សៀវភៅប្រកបដោយគុណតម្លៃនេះទៅចែកជូនដល់មន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងខេត្ត ដើម្បីជាមូលដ្ឋានឱ្យគាត់បានឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ ឬសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពីតួអង្គជា បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគតផងដែរ ។ ឯកឧត្តម សុខ លូ ក៏បានយកឱកាសនោះគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៏ដល់ក្រុមការងារចងក្រងសៀវភៅ រហូតក្រុមការងារអាចចងក្រងបានជាសៀវភៅប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះទុកសម្រាប់ជាកេរ្ដ៏មរតកដល់កូនចៅខ្មែរតគ្រប់ៗជំនាន់តរៀងទៅ។
ជាមួយគ្នានោះរ លោក មែ ស៊ីថុន អនុប្រធានក្រុមការងារសៀវភៅ និងជាប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានលើកឡើងអំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគម ដោយចូលរួមលើកស្ទួយវិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា ។ លោក បានបន្តថា សមាគមបានធ្វើសកម្មភាពបេសកកម្មរបស់ខ្លួនក្នុងខេត្តចំនួន ហើយលោកប្រធានរូបនេះបានបន្តថា សមាគមបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឲ្យបានទូទាំងប្រទេសនាពេលអនាគត ។
ព្រមជាមួយគ្នានេះ ឯកឧត្តម ពៅ សុខ ប្រធានក្រុមការងារសៀវភៅ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។ ឯកឧត្តម បានបញ្ជាក់ថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" នឹងផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ ។ ឯកឧត្តម បានបន្តថា ខេត្តចំនួន ១៣ដែលបានទទួលសៀវភៅរួចរាល់ ហើយខេត្តចំនួន៦ ទៀត គឺខេត្តប៉ៃលិន ថ្ងៃទី ២៨ ខែមីនា ខេត្តបន្ទាយមាន ជ័យខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារខេត្តសៀមរាបនិងខេត្តកំពង់ធំនឹងទទួលបាននៅថ្ងៃទី២៩-៣០ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ។

អត្ថបទទាក់ទង