រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួបសម្ដែងការគួរសមពីគណៈប្រតិភូនៃវិទ្យាស្ថានវិជ្ជាជីវៈបច្ចេកវិទ្យាស្ថាបត្យកម្ម ខេត្តជាងស៊ូ

  • 152
  • ដោយ teavvisal

នៅព្រឹកថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Shen Shide នាយកវិទ្យាស្ថានវិជ្ជាជីវៈបច្ចេកវិទ្យាស្ថាបត្យកម្មខេត្តជាងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន (JSVIAT) និងគណៈប្រតិភូនៃវិទ្យាស្ថាន ដែលវិទ្យាស្ថានធ្លាប់បានផ្ដល់អាហាររូបករណ៍មកដល់ខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះរៀបចំឡើងនៅឯសាលប្រជុំB១ សាលាខេត្តបាត់ដំបង ។
បើតាមលោកនាយកវិទ្យាស្ថានវិជ្ជាជីវៈបច្ចេកវិទ្យាស្ថាបត្យកម្មខេត្តជាងស៊ូ បានលើកឡើងថា កន្លងមកទំនាក់ទំនងរវាងវិទ្យាស្ថាន និងរដ្ឋបាលខេត្តមានភាពល្អប្រសើរជាលំដាប់ ក្នុងនោះផងដែរមាននិស្សិតកម្ពុជាដែលកំពុងសិក្សានៅវិទ្យាស្ថានចំនួន៣៦៧នាក់ និស្សិតដែលទៅរៀននៅទីនោះបានជ្រើសរើសជំនាញវិស្វកម្ម និងសេដ្ឋកិច្ចផងដែរ ហើយវិទ្យាស្ថានតែងតែធ្វើការសួរនាំអំពីគោលបំណងចង់សិក្សាលើមុខជំនាញអ្វីដែលខ្លួនស្រឡាញ់ ដើម្បីយកជំនាញនោះមកអភិវឌ្ឍន៍ប្រទេសកម្ពុជា ក៏ដូចជាមកអភិវឌ្ឍន៍ខេត្តបាត់ដំបងវិញ ក្នុងនោះដែរ វិទ្យាស្ថានតែងតែជំរុញឱ្យនិស្សិតឱ្យខិតខំរៀនសូត្រ និងខិតខំបង្ហាត់បង្រៀនដល់និស្សិតដើម្បីឱ្យមានជំនាញយ៉ាងពិតប្រាកដពេលត្រឡប់មកប្រទេសកម្ពុជាវិញ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណដល់វិទ្យាស្ថាន ដែលបានផ្ដល់ជាអាហារូបករណ៍ជូនដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន ពិសេសបានមើលថែនិស្សិតកម្ពុជាបានយ៉ាងល្អ ក្នុងអំឡុងពេលដែលពិភពលោកកំពុងផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩កន្លងមកនេះ ។ ឯកឧត្តម បានបន្តទៀតថា ការរីកចម្រើនរបស់ខេត្ត ក៏ដូចជាការរីកចម្រើនរបស់ប្រទេស គឺត្រូវការសិស្សនិស្សិតដែលមានជំនាញ និងចំណេះដឹងច្បាស់លាស់ ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈការប្រើប្រាស់ចំណេះដឹង និងជំនាញដែលខ្លួនបានសិក្សានៅក្រៅប្រទេស មកអភិវឌ្ឍន៍ប្រទេសជាតិវិញ ។
សូមជម្រាបផងដែរកន្លងមករដ្ឋបាលខេត្តបាត់ដំបងធ្លាប់បានទទួលអាហារូបករណ៍ពីវិទ្យាស្ថានវិជ្ជាជីវៈបច្ចេកវិទ្យាស្ថាបត្យកម្មខេត្តជាងស៊ូ ចំនួន៥៨នាក់ ដោយក្នុងនោះរដ្ឋបាលខេត្តធ្លាប់បញ្ជូននិស្សិតអាហារូបករណ៍ទៅសិក្សានៅខេត្តជាងស៊ូចំនួន៤០នាក់ ក្នុងនោះស្រី២៣នាក់ និងនិស្សិតដែលត្រូវរៀនតាមប្រព័ន្ធអនឡាញចំនួន១៨នាក់ ក្នុងអំឡុងឆ្នាំ២០២១-២០២២ ដោយសារការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង