រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ និងផ្សព្វផ្សាយផែនការលើកទី៨

  • 182
  • ដោយ teavvisal

នៅថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឯរាជធានីភ្នំពេញ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន នៅតាមមូលដ្ឋាននីមួយៗ ដើម្បីដឹងតួលេខជាក់លាក់មួយយ៉ាងពិតប្រាកដ។ សម្ដេចក្រឡាហោម ស ខេង បានបន្តទៀតថា ការស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន គឺធ្វើឡើងតាមរយៈ ភូមិ-ឃុំ-ស្រុក រួចហើយបញ្ជូនមកខេត្ត ដើម្បីបូកសរុបបញ្ចូលគ្នា។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា “ខ្ញុំ សូមស្នើអាជ្ញាធរគ្រឿងញៀន សហការជាមួយនឹងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីធ្វើការស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន ឱ្យមានតួលេខ។ ឥឡូវយើងគ្រាន់តែស្មានថា ប្រហែលប៉ុណ្ណេះ ប៉ុណ្ណោះ ដោយយើងអត់បានសិក្សា។ យើងសិក្សាធ្វើពីភូមិមក ឱ្យមេភូមិរាយការណ៍មក មានប៉ុន្មាននាក់ប្រើប្រាស់គ្រឿងញៀន ចឹងយើងប្រមូលពី ភូមិ-ឃុំ-ស្រុក មកឱ្យខេត្ត ហើយបូកបញ្ចូលគ្នា យើងឃើញហើយ ទោះវាមិនត្រូវ ១០០%ក៏ដោយ តែគ្រាន់បើជាងអង្គុយស្មាន”។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តប្ដេជ្ញាយ៉ាងមោះមុត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន និងវិស័យឯកជន ជាដើម ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមការពារសុវត្ថិភាពសង្គមរបស់កម្ពុជា៕

អត្ថបទទាក់ទង