រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីប្រគល់-ទទួល និងសម្ពោធបើកឱ្យប្រើប្រាស់ទីលានទុកដាក់សំរាម ខេត្តបាត់ដំបង

  • 163
  • ដោយ teavvisal

នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាក្នុងពិធីប្រគល់-ទទួល និងសម្ពោធបើកឱ្យប្រើប្រាស់ទីលានទុកដាក់សំរាម ខេត្តបាត់ដំបង ដែលជាគម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក៏មានការអញ្ជើញចូលរួមពីលោកស្រី Siti Hasanah តំណាងទីភ្នាក់ងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេសគម្រោង និងប្រពលរដ្ឋជាច្រើនផងដែរ។

គម្រោងនេះស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ គម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់នៅដំណាក់កាលដំបូង នៅរណ្ដៅទី១ មានទំហំ ២,៩៤ ហិកតា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ ម៉ែត្រគូប សម្រាប់រយៈពេល ១០ ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជន ក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការរំពឹងទុក ប្រជាជនប្រមាណ ៦០% ដែលត្រូវជា ១២៦.០០០ នាក់ នឹង ទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថាន ពីទីលានចាក់សំរាមមួយនេះ។

ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវចូល រណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគារដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត ស្ថានីយថ្លឹងរថយន្ត បណ្តាញអគ្គិសនី របង និងដាំដើមឈើជាដើម ហើយប្រើប្រាស់ថវិកាសាងសង់អស់ចំនួន ៦ ២៨៣ ៧៤៧ ដុល្លារអាមេរិក ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ថវិកាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី។ ការសាងសង់ប្រើប្រាស់ ១២ខែ ម៉ៅការសាងសង់ដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុន SCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd.

ពិធីទាំងពីនេះធ្វើឡើង ដើម្បីផ្តល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង អាចទទួលគ្រប់គ្រង និងប្រតិបត្តិបន្ត ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ ផ្តោតទៅលើ សុខុមាលភាព អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។ គម្រោងនេះ ក៏ចូលរួមចំណែក ថែរក្សា ការពារ សំដៅធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធដែលយើងទទួលបាននេះ ស្ថិតស្ថេរ គង់វង្សយូរអង្វែង។

អត្ថបទទាក់ទង