រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតាដែលទើបនឹងសម្រាលកូន និងស្រ្តីមានផ្ទៃពោះ នៅស្រុកភ្នំព្រឹក

  • 165
  • ដោយ teavvisal

នៅព្រឹក ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច និងស្រ្តីមានផ្ទៃពោះចំនួន៨០ នាក់មកពីភូមិចំនួន៩ ក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តអូរដា ឃុំ បួរ ស្រុកភ្នំព្រឹក ក្នុងឱកាស ទិវាជាតិសុខភាពមាតា ទារក និកុមារ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០” ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ នៅកម្ពុជានោះ សម្តេច ប្រធាន តែងតែគិតគូរចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជាស្ត្រីដែលកំពុងមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន ស្រ្តីមានកូនច្រើន និងស្ត្រីដែលមានផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។ បច្ចុប្បន្ននេះទោះបីអត្រាមរណៈភាពរបស់មាតា និងទារកបានថយចុះក៏ដោយ ប៉ុន្តែសុខ ភាពមាតា ទារក និងកុមារនៅតែជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលទាមទារឱ្យមាតា គ្រប់រូបយកចិត្តទុក្ខដាក់បន្ថែមទៀត ទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗរបស់យើង។ ទាំងអស់នេះអ្នកម្ដាយគ្រប់រូបត្រូវស្វែងរកការផ្ដល់ប្រឹក្សាពីមន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែលបំរើការនៅមណ្ឌលសុខភាពជិតផ្ទះរបស់យើង ដូចជា ការបំបៅដោះកូន ការតាមដានភាព លូតលាស់នៃទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗមា្នក់ៗទទួលបាន៖អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ត្រីខ១យួរ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ,មុង១,ក្រមារ១ និងថវិកា៥ម៉ឺន ផងដែរ ៕

អត្ថបទទាក់ទង