រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួបសម្តែងការគួរសម សមាគមកីឡាតុងហ្គីលម៉ូដូខេត្តបាត់ដំបង

  • 153
  • ដោយ teavvisal

រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងស្តាប់ការរាយការណ៍អំពីការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២២ ដែលបានបញ្ចប់ការប្រកួតដោយជោគជ័យ។

បើតាមការរាយការណ៍របស់សមាគមកីឡាតុងហ្គីលម៉ូដូខេត្តបាត់ដំបង បានបញ្ជាក់ថា កីឡាករ កីឡាការិនី របស់សមាគមកីឡាតុងហ្គីលម៉ូដូខេត្តបាត់ដំបង បានចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ កន្លងទៅថ្មីៗ ជាលទ្ធផលសមាគមទទួលលទ្ធផលដូចខាងក្រោម
-មេដាយមាសចំនួន៤រូប
-មេដាយប្រាក់ចំនួន ៥រូប
-មេដាយសំរិទ្ធចំនួន១៥រូប ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដល់ក្រុមការកីឡាករ កីឡាការិនី ដែលបានខិតខំស្វិតស្វាញអស់ពីកម្លាំងកាយចិត្ត ក្នុងការប្រកួត និងដណ្ដើមយកមេដាយត្រឡប់មកវិញ ដែលនេះគឺជាកិត្តិយសមិនត្រឹមតែកិត្តិយសសម្រាប់សមាគមតែប៉ុណ្ណោះទេ តែក៏ជាការលើកនូវកិត្តិយសសម្រាប់ក្រុមគ្រួសារ ពិសេសគឺខេត្តបាត់ដំបងតែម្ដង ហើយសម្រាប់កីឡាករ កីឡាការិនី ដែលមិនទាន់បានមេដាយ សូមខិតខំប្រឹងប្រែងបន្តទៀត ដោយមិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះកីឡាតែងតែមានចាញ់ មានឈ្នះគឺជារឿងធម្មតា ។

ឯកឧត្តមបានបន្តទៀតថា ប្រាកដណាស់កីឡាពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាព តែទន្ទឹមនឹងនោះក៏មិនត្រូវបោះបង់ការសិក្សាឡើយ គឺត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រដូចគ្នា ព្រោះកីឡាគ្រាន់តែធាតុតូចមួយក្នុងការជំរុញឱ្យមានការសិក្សាល្អ មានសុខភាពល្អ ចៀសឆ្ងាយអំពើអបាយមុខ និងជាពិសេសចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ដែលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដូចនេះសូមកីឡាករ កីឡាការិនីទាំងអស់ ត្រូវចៀសវាង និងណែនាំបន្តទៀតដល់មិត្តភក្ដិព្រមទាំងអ្នកជុំវិញខ្លួនឱ្យចៀសផុតពីអបាយមុខ ឬបញ្ហាគ្រឿងញៀននេះ។

អភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងស្តាប់ការរាយការណ៍អំពីការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២២ ដែលបានបញ្ចប់ការប្រកួតដោយជោគជ័យ។

អត្ថបទទាក់ទង