រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង

  • 208
  • ដោយ teavvisal

នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឯមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការវាយតម្លៃខ្ពស់ទៅលើសមិទ្ធផលជាច្រើនដែលខេត្តសម្រេចបានក្នុងឆ្នាំ២០២២នេះ ជាពិសេសការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងដំណោះស្រាយនានា ព្រមទំាងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់ទំនាស់វិវាទនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់នៅក្នុងខេត្តបាត់ដំបង ព្រមជាមួយគ្នានោះ អង្គសន្និបាតឆ្នាំនេះបានធ្វើការពិភាក្សា តាមប្រធានបទចំនួន៥ គឺ ទី១.ការងារសន្តិសុខសណ្តាប់ធ្លាប់សង្គម និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទី២-ការគ្រប់គ្រងដែនការពារអភិរក្សធនធានធម្មជាតិ ទី៣-ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ទី៤-ការរៀបចំក្រុងបាត់ដំបង ក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាត (Smart City) និងទី៥-ការងារវឌ្ឍនភាពនៃការរៀបចំសោភណ័ភាពសណ្តាប់ធ្នាប់សាធារណៈតាមទីប្រជុំជនក្រុង ស្រុក បានយ៉ាងផុលផុស សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាសុខដុមនីយកម្មសង្គមជាតិផងដែរ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើថា ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើងក៏ដូចជាការអភិវឌ្ឍ វិស័យសេដ្ឋកិច្ចជាតិឲ្យកាន់តែមានការរីកចម្រើនថែមទៀតនោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវអនុវត្តឲ្យកាន់តែសកម្មថែមទៀត ទៅលើវិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដោយធ្វើប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋានកុំឲ្យកក្រើកឡើងវិញ ព្រមទាំងចុះធ្វើអធិការកិច្ចឃាត់ទុកពលកម្មបរទេស សំដៅរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណនិងសុវត្ថិភាព ក្នុងសង្គមឲ្យបានល្អប្រសើរ ។
សម្តេចក្រឡាហោម បានលើកបញ្ជាក់ទៀតថា ក្នុងនោះក៏ត្រូវខិតខំជំរុញដល់ការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានានៅក្នុងមូលដ្នាន ពិសេសសកម្មភាពជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហឹង្សានៅក្នុងគ្រួសារ និងបទល្មើសនានា នៅមូលដ្ឋានទូទាំងខេត្តបាត់ដំបង ។

សម្តេចបានធ្វើការណែនាំនិងជំរុញបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងនិងថែរក្សាសន្តិសុខជាតិ ដោយមានកិច្ចសហការទប់ស្កាត់និងបង្រ្កាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា បទល្មើសមិនប្រពៃណីនានា ដែលធ្វើឲ្យមានការវិវឌ្ឍប្រែប្រួលកាន់តែធ្ងន់ធ្ងរ ស្មុគស្មាញ ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនៅខេត្តបាត់ដំបងគ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តន៍ជាប្រព័ន្ធក្នុងការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះការលាងសម្អាតប្រាក់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ខណៈដែលប្រទេសកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃការលាងសម្អាតប្រាក់របស់អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF)៕

អត្ថបទទាក់ទង