រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង

  • 350
  • ដោយ teavvisal

នៅព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍បើកក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៥រួមមាន៖
១. ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
២. ការគ្រប់គ្រងដែនការពារអភិរក្ស ធនធានធម្មជាតិ
៣. ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ
៤. ការរៀបចំក្រុងបាត់ដំបងក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាត (Smart City)
៥. ការងារវឌ្ឍនភាពនៃការរៀបចំសោភណ័ភាព សណ្ដាប់ធ្នាប់សាធារណៈតាមទីប្រជុំជនក្រុង ស្រុក
ដែលប្រធានបទទាំង៥ខាងលើនេះនឹងវាយតម្លៃ ឆ្លុះបញ្ចាំងកាន់តែមានភាពច្បាស់លាស់ទៅលើស្ថានភាពនៃការអនុវត្តការងារជាក់ស្តែង និងបញ្ហាប្រឈមនានាដែលនៅសេសសល់ ការរកដំណោះស្រាយនិង កំណត់ទិសដៅសម្រាប់អនុវត្តនាពេលខាងមុខដើម្បីចូលរួមអភិវឌ្ឍនសេដ្ឋកិច្ចសង្គម ការដោះស្រាយជីវភាពរស់នៅ ប្រជាពលរដ្ឋនិងធានាសុខដុមនីយកម្មសង្គមជាតិ ព្រមទាំងធានាដំណើរការប្រក្រតីភាពនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
ឯកឧត្តម បានបន្តទៀតថា ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបាននេះបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការចូលរួមអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តធ្វើកំណែ ទម្រង់លើវិស័យជាច្រើន ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្ដែងនៅមូលដ្ឋាន ដោយឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋភិបាល ក្នុងការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញ ដំណើរការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការក្នុងការផ្ទេរមុខងារ និងធនធានតាមរយៈការធ្វើប្រតិភូកម្មអំណាច ការប្រគល់ មុខងារមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរដ្ឋបាលខេត្តគ្រប់គ្រងលើវិស័យសុខាភិបាល កុមារកំព្រា រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលនូវមុខងារក្នុងការគ្រប់គ្រងអនុវិស័យ៣រួមមានអនុវិស័យបឋមសិក្សា អនុវិស័យអប់រំកុមារតូច អនុវិស័យ អប់រំក្រៅប្រព័ន្ធ ហើយការគ្រប់គ្រងមុខងារលើអនុវិស័យ៣នេះត្រូវបានរៀបចំធ្វើសិក្ខាសាលាដកពិសោធន៍នៅ ថ្នាក់ជាតិដើម្បីត្រៀមធ្វើការផ្ទេរមុខងារទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេសនៅក្នុងឆ្នាំ២០២៣នេះ ព្រម ជាមួយនេះក៏បានធ្វើការពង្រឹងការគ្រប់គ្រង ដឹកនាំនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យ កាន់តែមានភាពល្អប្រសើរឡើង តាមរយៈការដាក់ឲ្យអនុវត្តរួចមកហើយអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្ត ការិយាល័យច្រកចេញចូលតែមួយនៅសាលាក្រុង ស្រុក ទាំង១៤ ការិយាល័យប្រជាពលរដ្ឋនៅសាលាខេត្ត និង សាលាក្រុង ស្រុក និងការរៀបចំយន្តការច្រកចេញចូលតែមួយនៅសាលាឃុំ សង្កាត់ទាំង១០៣ ទូទាំងខេត្ត ។
ឯកឧត្តមបានបន្តទៀតថាអាស្រ័យដោយប្រទេសជាតិ និងនៅក្នុងមូលដ្ឋានខេត្តបាត់ដំបងរបស់យើងមានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមល្អ ជាមូលដ្ឋានគ្រឹះផ្តល់ភាពអនុគ្រោះគ្រប់បែបយ៉ាងសម្រាប់ ការវិនិយោគ បង្កលក្ខណៈដល់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យ ក្រោមការដឹកនាំ និងចង្អុលណែនាំជាប់ជាប្រចាំពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដោយមានកិច្ចសហការល្អ ពីគ្រប់ស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ បានធ្វើឱ្យខេត្ត បាត់ដំបងបោះជំហានលើដំណើរការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងមានការប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់ រួមចំណែកលើកស្ទួយកម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ព្រមជាមួយ នេះទីក្រុងបាត់ដំបងរបស់យើងពិតជាមានមោទនភាពជាខ្លាំង ត្រូវបានជ្រើសរើសជាបណ្តាញទីក្រុងអាស៊ាន ក្នុងចំណោមទីក្រុងចំនួន៣នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកបណ្តាញទីក្រុងឆ្លាតអាស៊ានចំនួន២៦ ដែលបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០១៨ ដោយខេត្តបាត់ដំបងយើងចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាតតាមរយៈ ការអភិវឌ្ឍចំនួន២ គឺ ការគ្រប់គ្រងលំហសាធារណៈ និងចំណីផ្លូវ និងការគ្រប់គ្រងសំណល់រឹង និងរាវ។ ការអនុវត្តគម្រោងនេះ រដ្ឋបាលខេត្តក៏បានខិតខំតម្រង់ទិសការងារអភិវឌ្ឍឲ្យស្របតាមគោលគំនិតទីក្រុងឆ្លាត ដោយមាន ការចូលរួមពីអ្នកពាក់ព័ន្ធ ទទួលបានសមិទ្ធផលដូចជា លើកកម្ពស់សោភ័ណភាព សណ្ដាប់ធ្នាប់តាមដងផ្លូវមួយ ចំនួន រៀបចំសំយ៉ាប ស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្ម ផ្លូវខឿងហែម បណ្តាញភ្លើងអគ្គិសនី ខ្សែកាប ប ណ្តាញលូរំដោះទឹកភ្លៀង លូរំដោះទឹកស្អុយ រៀបចំផែនទីបង្ហាញផ្លូវ និងការតម្រង់ទិសអភិវឌ្ឍន៍ស្របតាម ផែនការប្រើប្រាស់ដីក្រុងបាត់ដំបង(ប្លង់គោលក្រុងបាត់ដំបង) ប្រកបដោយចីរភាព និងឆ្លាតវៃ ចុះអនុស្សារណៈ យោគយល់គ្នាជាមួយក្រុមហ៊ុនជប៉ុនចំនួន៣ ដើម្បីសិក្សាជម្រុញការអនុវត្តគម្រោងទីក្រុងឆ្លាតក្រុងបាត់ដំបង និងពិភាក្សាជាមួយធនាគារអភិវឌ្ឍអាស៊ី លើគម្រោងគ្រប់គ្រងហិរញ្ញប្បទានឆ្លាតលើសេវាប្រមូលសំរាម ដូចជា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងបង្កើតឲ្យមានការបង់សេវាប្រមូលសំរាមតាមអនឡាញជាដើម។ក្នុងនាមជាទីក្រុងបេក្ខភាពប្រកួតប្រជែងទីក្រុងស្អាត និងការរៀបចំព្រឹត្តិការណ៍ធំៗនៅក្រុងបាត់ដំបង សម្រាប់ឆ្នាំ២០២២ កន្លងមកនេះបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករ និងបានចូលរួម ប្រឡងប្រណាំងក្នុងក្របខ័ណ្ឌអាស៊ាន ធ្វើឲ្យទីក្រុងបាត់ដំបង បានទទួលនូវពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៣ (២០២២.២០២៤) ក្នុងវេទិកាទេសចរណ៍អាស៊ាននៅក្រុងព្រះសីហនុ និងថ្មីៗនេះទទួលបានពានរង្វាន់ជ័យលាភីលេខ១ ជា " ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២ * (Best Countdown City of The Year 2022) របស់ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងពានរង្វាន់ជ័យលាភី " ទីក្រុងស្អាត ផ្ការំដួល៣ទង លើកទី៣ ឆ្នាំ២០២២-២០២៥ " របស់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕

អត្ថបទទាក់ទង