រសៀលថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ដូមីនីក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ នៅឯសាលប្រជុំ B១ (VIP) សាលាខេត្តបាត់ដំបង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ស្វាគមន៍ដល់ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចុះបំពេញបេសកកម្មការងារនៅក្នុងខេត្តបាត់ដំបងនាពេលនេះ ។ ឯកឧត្តមបានលើកឡើងថា ខេត្តបាត់ដំបងជាខេត្តដែលមានវ័យចំណាស់ ដែលមានប្រជាជនប្រហែល១.៣លាននាក់ នៅទិសពាយ័ព្យ ដែលថ្មីៗនេះត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលខេត្តបាត់ដំបង ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ និងជាខេត្តរបៀងត្រី និងស្រូវ ដែលសាកសមទៅនឹងខេត្តដែលមានសក្ដានុពលផ្នែកវិស័យកសិកម្ម ក៏ដូចជាខេត្តសំបូរទៅដោយរមណីយដ្ឋានធម្មជាតិសម្បូរបែប និងទាក់ទាញ ដែលរដ្ឋបាលខេត្តរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកវិនិយោគិនជាច្រើនមកខេត្តបាត់ដំបង ។ ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្នផលិតផលកសិកម្មនៅមានចំណុចខ្វះខាតនៅឡើយ គឺខ្វះខាតក្នុងការកែច្នៃ ដូចនេះខេត្តបាត់ដំបងត្រូវការអ្នកវិនិយោគដែលពាក់ព័ន្ធនឹងផ្នែកកែច្នៃផលិតផលកសិកម្មដូចជាពោត ស្វាយជាដើម ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជាក្នុងការនាំចេញទៅក្រៅប្រទេស ព្រោះខេត្តបាត់ដំបង នាពេលអនាគតនឹងមានផ្លូវថ្នល់ខ្វាត់ខ្វែងដែលតភ្ជាប់ទៅនឹងខេត្តសំខាន់ៗ ក៏ដូចជាច្រកទ្វារអន្តរជាតិសំខាន់ៗជាច្រើនទៀត ហើយក្នុងនោះបើសិនជាមានអ្នកវិនិយោគចង់ធ្វើការសិក្សា ដើម្បីទទួលបានព័ត៌មាន អាចធ្វើការទាក់ទងមករដ្ឋបាលខេត្ត ដោយរដ្ឋបាលខេត្តស្វាគមន៍ជានិច្ចក្នុងការជួយជ្រោមជ្រែង និងផ្ដល់ព័ត៌មានដល់អ្នកវិនិយោគទាំងនោះ ។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចជំនួបនេះនឹងបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និត និងសង្ឃឹមថាឯកឧត្តម ឯកអគ្គរាជទូតនឹងធ្វើការផ្សព្វផ្សាយពីសក្ដានុពលខេត្តបាត់ដំបងដល់ប្រជាជននៅប្រទេសអង់គ្លេសឱ្យមកវិនិយោគ និងកំសាន្តខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងៗ ៕