រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា

  • 426
  • ដោយ teavvisal

នៅព្រឹកថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យ ចំនួន ១,៥៥០ អង្គ/នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៅឯមជ្ឈមណ្ឌល សុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ឯកឧត្តម ស្ដើង សុខុម បានឱ្យដឹងទៀតថាក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ និស្សិតគ្រប់កម្រិតកំពុងសិក្សា នៅគ្រប់ទីតាំង សាខា របស់សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) មានសរុបចំនួន១១.៧៤៧ នាក់ (នារី៥.៧៨៨ នាក់ស្មើ៤៩,២៧%) ក្នុងនោះសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សរុបចំនួន២.៥២១ នាក់ ( នារី ១.១៣៩ នាក់ ស្មើ ៤៥,១៨% ) ដែលបានចែកចេញជាថ្នាក់បរិញ្ញាបត្ររង ចំនួន ២១០នាក់ ថ្នាក់បរិញ្ញាបត្រចំនួន១.៨៧៣នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤៣៨នាក់។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាក្រោមម្លប់ នៃសន្តិភាព ព្រះរាជាណាចក្រកម្ពុជាបានសម្រេចនូវសមិទ្ធផលថ្មីៗ ជាច្រើន លើមាគ៌ានៃការអភិវឌ្ឍ បើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ ទាំងស្រុង និងត្រូវទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី ក្នុងនោះពាក្យស្លោក អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ត្រូវបានគាំទ ដោយ ប្រជាពលរដ្ឋគ្រប់ទិសទីសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខនេះហើយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាពលរដ្ឋ។
សម្ដេចបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង សម្រេចបានសមិទ្ធផលថ្មីៗជាច្រើន សម្រាប់ប្រជាជន និងសង្គមជាតិ ទាំងមូលមានជាអាទិ៍ ការធានាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម និងការអភិវឌ្ឍក្នុងបរិបទកូវីដ-១៩ ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអា ស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន និង កិច្ចប្រជុំធំៗនានា ជោគជ័យនៃការរៀបចំបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ការកសាងហេដ្ឋារចនាសម្ពន្ធ័ជាច្រើន នៅទូទាំងប្រទេស មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ-ល- និងទទួលបានការវិនិយោគផ្ទាល់ពីបរទេស នូវគម្រោងធំៗជាច្រើននៅទូទាំងប្រទេស។
សម្ដចក្រឡាហោមបានចាត់ទុកជោគជ័យ និងការខិតខំទាំងអស់នេះ និងការដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់ៗ ថាបានក្លាយជាចលករ និងជាមូលដ្ឋានដ៏រឹងមាំ ធ្វើឱ្យមានកំណើន និងការងើបឡើងវិញ លើគ្រប់វិស័យ និងថាផ្អែកលើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើននៅក្នុង រង្វង់ ៥,២% ក្នុង ឆ្នាំ២០២២ និងឆ្នាំ២០២៣ត្រូវបានព្យាករណ៍ថា នឹងសម្រេចបាន កំណើននេះចំនួន ៥,៦%។ សម្ដេចបន្តថាការរីកចម្រើនសេដ្ឋកិច្ចខាងលើនេះក៏បានធ្វើអោយរីកចម្រើនវិស័យអប់រំ បានឈាន ប្រកបដោយភាពស្វាហាប់ព្រមៗគ្នាផងដែរ ជាក់ស្ដែងគឺការអភិវឌ្ឍធនធានមនុស្សចាប់ តាំងពីកម្រិតមត្តេយ្យរហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ជំនាញវិជ្ជាជីវៈ ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។
សម្ដេចឧបនាយករដ្ឋមន្រីបានទាញការកាត់សម្គាល់ថាជាក់ស្ដែងនិស្សិតជ័យលាភីចំនួន១,៥៥០នាក់នេះ ជា ធនធានមនុស្សដ៏មានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ចូលរួមបំពេញបន្ថែមទៅលើ ការរីកចម្រើនវិស័យផ្សេងៗសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយអ្នទាំងនេះនឹងត្រូវចេញ ទៅបំពេញការងារតាមជំនាញក្នុងសង្គម តាមរយៈចំណេះដឹង និងចំណេះធ្វើដែលខ្លួន ទទួលបានពីសាកលវិទ្យាល័យ ដោយយកទៅអនុវត្តជាក់ស្តែង និងដកពិសោធន៍ផ្ទាល់ និង សិក្សាស្រាវជ្រាវកែលម្អបន្ថែមទៀតពីអ្នកប្រកបការងារជុំវិញខ្លួន ស្របតាមទិសស្លោក «ការសិក្សារៀនសូត្រគឺធ្វើគ្មានទីបញ្ចប់ទេ»។
សម្ដេចក្រឡាហោមបន្ថែមថាការបណ្ដែតបណ្ដោយមិនព្រមរៀនសូត្របន្ថែមពីមជ្ឈដ្ឋានអ្នកដែលធ្វើការនៅជុំវិញខ្លួនយើង ពិសេសការសិក្សា ចំណេះដឹងផ្នែកបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងាររបស់ខ្លួននា ននាពេលអនាគត។ សម្ដេចក៏ចាត់ទុកសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា នៅតែជាសាកលវិទ្យាល័យមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការ កសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ទាំងអស់នេះមិនមែនជារឿងសាមញ្ញពេកទ ក្នុងការបោះទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់ទៅក្នុងវិស័យអប់រំ តែជាការខិតខំប្រឹងប្រែង ដ៏ល្អមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញគ្រឹះស្ថានសិក្សាឱ្យមកកាន់ តែកៀកលំនៅដ្ឋានប្រជាពលរដ្ឋដើម្បីផ្ដល់លទ្ធភាពដល់យុវជនយើងបានទទួលឱកាស សិក្សារៀនសូត្រឱ្យបានកាន់តែច្រើន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានអបអរសាទរ និងកោតសរសើរ ដោយស្មោះចំពោះសមិទ្ធផលជាផ្លែផ្កានៃការបណ្ដុះបណ្តាលធនធានមនុស្ស ដែលសាកល វិទ្យាល័យឯកទេស នៃកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះ និងអបអរសាទរចំពោះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងនិស្សិតជ័យលាភីទាំងអស់ ដែលបានព្យាយាមប្រឹងប្រែងអស់កម្លាំងកាយចិត្ត តស៊ូគ្រប់ការលំបាក រហូតសម្រេចបាន ជោគជ័យក្នុងការសិក្សានាថ្ងៃនេះ។ សម្ដេចក៏បានកោតសរសើរ ចំពោះអាណាព្យាបាល លោកឪពុក អ្នកម្តាយ ក្រុមគ្រួសាររបស់និស្សិតជ័យលាភីដែល បានផ្តល់ជាកម្លាំងចិត្ត ជំរុញឱ្យកូនចៅរបស់ខ្លួនបានសិក្សាចប់ចុងចប់ដើម។
ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោមបានផ្ដល់ទស្សនាទានថា ប្រទេសជាតិមួយអាចគង់វង្ស ឋិតថេរ និងមានការអភិវឌ្ឍរីកចម្រើនបាន គឺអាស្រ័យដោយសារកត្តាធនធានមនុស្ស របស់ប្រទេសនោះឯង និងបន្តថា បញ្ហារបស់យើងគឺនៅត្រង់ថា តើត្រូវធ្វើដូចម្ដេចឱ្យមនុស្សរបស់ យើងមានជំនាញកាន់តែខ្ពស់ ផលិតភាពកាន់តែខ្ពស់ និងមានចំណូលកើនឡើងជាលំដាប់។ ទាំងនេះជាសំណួរដែលគ្រប់បុគ្គល គ្រួសារ សហគមន៍ សាលារៀន សាកលវិទ្យាល័យ ជាពិសេស លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យត្រូវគិតដោះស្រាយនិងធ្វើសកម្មភាពទាំងអស់ គ្នាអោយបានកាន់តែល្អថែមទៀត។
សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា ក្រៅពីកេរ្តិ៍ដំណែលធម្មជាតិ សមិទ្ធផលទាំងឡាយ លើលោកនេះគឺកើតឡើងពីស្នាដៃរបស់មនុស្ស និងថាថ្ងៃនេះនិស្សិតជ័យលាភីទាំងអស់បាន ក្លាយជាអ្នកមានជំនាញ ហើយអ្វីដែលត្រូវធ្វើបន្ត គឺត្រូវអភិវឌ្ឍជំនាញទាំងនេះអោយ កាន់តែពូកែ អោយកាន់តែស្ទាត់ និងធ្វើការងារអោយសកម្ម នោះអ្នកទាំងអស់គ្នានឹង ទទួលបានជោគជ័យ និងអនាគតល្អ។ ដើម្បីធ្វើឱ្យសម្រេចនូវគោលដៅនេះ សម្ដេចវានស្នើអោយគ្រឹះស្ថានបណ្តុះបណ្តាល និងតួអង្គពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាពឆ្ពោះទៅពង្រឹង និងពង្រីកអោយបានកាន់ត ល្អប្រសើរនូវជំនាញខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត អោយបានកាន់តែច្រើន ដើម្បី ចូលរួមអភិវឌ្ឍធនធានមនុស្សប្រទេសយើង បានកាន់តែមានប្រសិទ្ធភាពខ្ពស់។
មុននឹងបញ្ចប់ សម្ដេចបានស្នើសាកលវិទ្យាល័យជួយបន្តកិច្ចសហការ និងផ្ដល់អាហារូបករណ៍ជូនដល់ សិស្សពូកែ សិស្សក្រីក្រ ក៏ដូចជាមន្ត្រីរាជការ ពិសេសលើកទឹកចិត្តអោយសិស្សស្រីមានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សាដូចជាសិស្សប្រុសដែរ និងបានផ្ដាំផ្ញើនិស្សិតជ័យលាភីទាំងអស់ត្រូវយកសមត្ថភាពចំណេះដឹងរបស់ខ្លួននេះ ទៅប្រើប្រាស់ ប្រកបដោយគំនិតច្នៃប្រឌិត មានគុណធម៌ និងការទទួលខុសត្រូវខ្ពស់ ប្រកបដោយក្រម សីលធម៌ វិជ្ជាជីវៈ និងត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែម ដើម្បីអោយខ្លួនកាន់តែមាន ជំនាញខ្ពស់ក្នុងមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន៕

អត្ថបទទាក់ទង