នៅរសៀលថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងពិធីពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតជាសេនាធិការ បានរៀបចំវាយតម្លៃចលនាប្រឡងប្រណាំង «ទីក្រុងស្អាត» ជារៀងរាល់៣ឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០១២មក ដោយប្រើប្រាស់ស្តង់ដាទីក្រុងស្អាត។ គោលបំណងសំខាន់នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺធ្វើយ៉ាងណាឱ្យ ក្រុង/ខណ្ឌ រាជធានី-ខេត្ត ទាំងអស់មានការគ្រប់គ្រង និងអភិវឌ្ឍទីក្រុង/ខណ្ឌ របស់ខ្លួនឱ្យក្លាយជាទីក្រុងស្អាត, ជាទីក្រុងឆ្លាតដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច, មានភាពទាក់ទាញផ្នែកទេសចរណ៍, មានកិច្ចគាំពារបរិស្ថាន ប្រកបដោយចីរភាពនិងការទទួលខុសត្រូវសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត ពិតជាបានចូលរួមដល់ការរក្សាតុល្យភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការអភិរក្សសម្បត្តិធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាននៅតាមបណ្តាទីក្រុង និងទីប្រជុំជនសំដៅធានានិរន្តរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នេះ ក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់បេក្ខភាព ក្រុង/ខណ្ឌ នីមួយៗ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ស្របតាមស្មារតីនៃស្តង់ដាទីក្រុងស្អាត ដែលគណៈកម្មាធិការជាតិបានធ្វើបច្ចុប្បន្នភាពថ្មី រួមមាន៖ សូចនាករគោលចំនួន ៧, សូនាករលម្អិតចំនួន ៤១ និងចែកចេញជា ១១៣ លក្ខណវិនិច្ឆ័យ (ស្មើនឹង ១២០ពិន្ទុ)។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា វិស័យទេសចរណ៍ នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយសម្រាប់ជាតិ ក្នុងនោះសម្រាប់ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ២.២លាននាក់ កើនឡើង ១០៥៩%។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យទេសចរណ៍ នៅតែជាជន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ ក្នុងនោះសម្រាប់ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង២.២លាននាក់ កើនឡើង ១០៥៩% ធៀបឆ្នាំ២០២១»។
បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានបន្ដថា ជាមួយនេះ ភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិប្រមាណជិត១៤លាននាក់ កើនឡើង១៩៩% និងទេសចរបរទេសផ្ទៃក្នុង ប្រមាណជិត២លាននាក់ កើនឡើង៥៧២% ធៀបឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាយុទ្ធសាស្ត្រមួយដ៏សមស្រប ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត ប៉ៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់ ។
សូមបញ្ជាក់ផងដែរថា ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ជ័យលាភីទីក្រុងស្អាត ផ្ការំដួល៣ទង សុពលភាព ឆ្នាំ២០២២-២០២៥ និងពានរង្វាន់ជ័យលាភី ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ២០២២ (Best Countdown City of The Year 2022) ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។