ថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ សំរិទ្ធិស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារគ្រប់គ្រងគេហទំព័រ និងបណ្តាញសង្គមរដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចពិភាក្សាអំពីវឌ្ឍនភាពការគ្រប់គ្រងគេហទំព័រ និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្ត ព្រមទាំងការធ្វើប្រតិកម្មរហ័សលើព័ត៌មានក្លែងក្លាយ នៅសាលាខេត្តបាត់ដំបង។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក និងក្រុមការងារគ្រប់គ្រងគេហទំព័រ និងបណ្តាញសង្គមរដ្ឋបាលខេត្ត ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានណែនាំឲ្យមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក បង្កើត Pages ផ្លូវការដើម្បីធ្វើផ្សព្វផ្សាយព័ត៌មានផ្សេងៗរបស់មន្ទីរអង្គភាពរបស់ខ្លួន និងរៀបចំឲ្យមានអ្នកគ្រប់គ្រងទទួលខុសត្រូវច្បាស់លាស់។
ឯកឧត្តមបន្តថា ក្រុមការងារគ្រប់គ្រង Pages របស់មន្ទីរអង្គភាព ក្រុង ស្រុក ត្រូវសហការជាមួយក្រុមការងារគ្រប់គ្រងបណ្តាញរបស់ក្រុមការងារខេត្ត និងផ្តល់ព័ត៌មានផ្សេងៗតាមការចាំបាច់ ដើម្បីបញ្ជូលទៅក្នុងគេហទំព័ររបស់រដ្ឋបាលខេត្ត។