រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ

  • 470
  • ដោយ teavvisal

នាព្រឹកថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។
សន្និបាតនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីទទួលខុសត្រូវគ្រប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ប្រធានក្រុម ប្រឹក្សា អភិបាលរាជធានី ខេត្ត ស្នងការនគរបាល នាយករដ្ឋបាល ប្រធាន ពន្ធនាគាររាជធានី
ខេត្ត តំណាងក្រសួង ស្ថាប័ន និងភ្ញៀវកិត្តិយសមួយចំនួនទៀត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នាអំឡុងពេលមួយឆ្នាំកន្លងទៅនេះ សភាពការណ៍សន្តិសុខនៅតាមតំបន់មួយចំនួន រួមទាំងនៅក្នុងក្របខ័ណ្ឌអាស៊ានផងដែរ បានបង្ហាញពីការប្រឈមកាន់តែតានតឹង និងប្រកបដោយហានិភ័យខ្ពស់ ខណៈការប្រែប្រួលអាកាសធាតុបានបង្ក ឱ្យមានគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរនៅតាមប្រទេសនានា ហើយជំងឺកូវីដ-១៩ ក៏នៅតែបន្តបង្កឱ្យមានផលប៉ះពាល់មកលើសុខភាពសាធារណៈនៅឡើយ ខណៈនៅក្នុងផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តខិតខំរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម។
ប្រឈមមុខចំពោះវិបត្តិ និងបញ្ហាប្រឈមខាងលើនេះ សម្ដេចបានមានប្រសាន៍ថា ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមរក្សាការពារបានយ៉ាងរឹងមាំ នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ និងខឿនសន្តិសុខជាតិ ដោយបញ្ចៀសបាននូវអំពើភេរវកម្ម ខិតខំបង្ការ ទប់ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងរាល់សកម្មភាពនានា ដែលប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម។
សម្ដេចគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានសហការការពារសុវត្ថិភាពទាំងស្រុងថ្វាយអង្គព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ឥស្សរជនជាតិ និងគណៈប្រតិភូបរទេសនានាដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងរក្សា ការពារសន្តិសុខ សុវត្ថិភាពនៃព្រឹត្តិការណ៍នានារបស់ជាតិ ជាពិសេសការធានារក្សាសន្តិសុខសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងការការពារសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ សន្និសីទអាស៊ានណាប៉ូល លើកទី៤០ និងកិច្ចប្រជុំអន្តរជាតិជាច្រើនទៀត។
សម្ដេចបន្តថា ទន្ទឹមនេះ កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ក៏បានបន្តបង្កើនកិច្ចសហការក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញដើរទន្ទឹមនឹងការខិតខំជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងការអនុវត្ត «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលជាហេតុធ្វើឱ្យបទល្មើស មានការថយចុះ ៩% ជាមួយនឹងលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់ រហូតដល់ ៩២% ។
សម្ដេចបន្ថែមថា ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវយុទ្ធនាការប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស ប្រតិបត្តិការប្រយុទ្ធប្រឆាំងសកម្មភាពលាងសម្អាតប្រាក់ ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រុមក្មេង ទំនើងតាមសហគមន៍ រួមទាំងបទល្មើសផ្សេងៗទៀត ក៏ត្រូវបានចាត់តាំង អនុវត្តយ៉ាងសកម្មផុលផុស សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
ចំពោះគ្រោះថ្នាក់ចរាចរណ៍ សម្ដេចបានបញ្ជាក់ថាថ្វីបើមានកំណើនបន្តិច បន្ទាប់ពីការបើកប្រទេសឱ្យ ដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ ប៉ុន្តែអាជ្ញាធរបានកត់សម្គាល់ ឃើញមានការផ្លាស់ប្តូរជាវិជ្ជមាននូវឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ ក្នុងការគោរពច្បាប់ និងការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។ ជាមួយគ្នានោះ ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ក្នុងការផ្សព្វផ្សាយអប់រំណែនាំអំពីវិធានការបង្ការ និងទប់ស្កាត់អគ្គិភ័យបឋមនៅតាម សហគមន៍ ភូមិ ឃុំ សង្កាត់ ក៏ដូចជាគោលដៅដែលមានហានិភ័យខ្ពស់ បានធ្វើឱ្យចំនួនអគ្គិភ័យ ត្រូវបានកាត់បន្ថយក្នុងអត្រាប្រមាណ ៨% ។
ចំពោះការងារអន្តោប្រវេសន៍ សម្ដេចក្រឡាហោមឱ្យដឹងថា ការងារនេះ ក៏មានការខិតខំប្រឹងប្រែងសម្រេចបាន លទ្ធផលល្អគួរឱ្យកត់សម្គាល់ ជាពិសេសការបង្កើនវិធានការគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេស ការគ្រប់គ្រងការចេញចូលប្រទេស ការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសដែលបង្កឡើងដោយជនបរទេស និងការធ្វើទំនើបកម្មការងារអន្តោប្រវេសន៍តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងចូលរួមជំរុញការអភិវឌ្ឍប្រទេសជាតិ ។
ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បន្ទាប់ពីការដាក់ឱ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នាអំឡុងខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យទៅជាស្ថាប័នកាន់តែរឹងមាំ មានសមត្ថភាព មានសិទ្ធិអំណាច មានមុខងារ និងធនធាន និងការទទួល ខុសត្រូវក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកប ដោយប្រសិទ្ធភាព និងនវានុវត្តន៍។
សម្ដេចបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ តាមរយៈកំណែទម្រង់នេះ មានមុខងារជិត ៦០ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង ៨០០ ប្រភេទ ត្រូវបានប្រគល់ និងធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។ រយៈពេល ៥ឆ្នាំ (២០១៨-២០២២) ចុងក្រោយនេះ ការផ្ទេរថវិកាជាតិទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនប្រមាណ ២,៧ដង គឺកើនឡើងពី ៤១៦ លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១.១១៦ លានដុល្លារ ក្នុងឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រៅពីសមិទ្ធផលខាងលើនេះ ក៏មានសមិទ្ធផលនានាជាច្រើនទៀត ដែលក្រសួងមហាផ្ទៃខិតខំអនុវត្តសម្រេចបានក្នុងការងារបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស ទាំងនគរបាលជាតិ រដ្ឋបាលស៊ីវិល និងពន្ធនាគារ ការងារភស្ដុភារ និងហិរញ្ញវត្ថុ ការងារធ្វើសវនកម្ម អធិការកិច្ច និងការដោះស្រាយពាក្យបណ្តឹង សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ការងារ កែទម្រង់ពន្ធនាគារ ការងារអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល កិច្ចសហប្រតិបត្តិការ អន្តរស្ថាប័នរវាងក្រសួងមហាផ្ទៃ ជាមួយក្រសួងស្ថាប័ននានា នៃរាជរដ្ឋាភិបាលកម្ពុជាជាដើម។
ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បើទោះបីក្នុងឆ្នាំ២០២២ កម្ពុជាបានពុះពារឆ្លងកាត់ ដោយជោគជ័យនូវវិបត្តិ និងបញ្ហាប្រឈមនានាយ៉ាងណាក្តី ប៉ុន្តែផ្អែកតាមការ វាយតម្លៃលើសភាពការណ៍ប្រកួតប្រជែងដណ្តើមយកភូមិសាស្ត្រនយោបាយដ៏តានតឹង និងស្មុគស្មាញរបស់ប្រទេសមហាអំណាចនានា មិនទាន់មានសញ្ញថមថយនៅឡើយទេ ដែលនឹងបន្ដធ្វើឱ្យមានបញ្ហាប្រឈមមកលើសភាពការណ៍ នយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខជាសកល បង្កឱ្យមានការព្រួយបារម្ភអំពីការកើនឡើងនូវអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការរីករាលដាលនៃបទល្មើសបច្ចេកវិទ្យា គួបផ្សំនឹងការបន្តកើតឡើងនូវបទ ល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងអាជីវកម្ម ផ្លូវភេទ គ្រោះថ្នាក់ចរាចរណ៍។
សម្ដេចបានសង្កត់ធ្ងន់ថា ការងារនេះ ទាមទារឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនការតាមដានការវិវត្តប្រែប្រួលនៃសភាពការណ៍ តំបន់ និងអន្តរជាតិ ព្រមជាមួយការពង្រឹងការគ្រប់គ្រងសភាពការណ៍នៅក្នុងផ្ទៃក្នុងប្រទេស សំដៅដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរសម្រាប់ការបោះឆ្នោតជាតិ លើកទី៧ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ និងការបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាបន្តទៀត ។
សូមបញ្ជាក់ថា ក្នុងដំណើរការសន្និបាតនេះ នឹងមានការធ្វើបទបង្ហាញនូវរបាយការណ៍ និងទិសដៅការងារ និងបែងចែកក្រុមពិភាក្សាដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗសំដៅប្រមូលធាតុចូលពីសមាជិក សមាជិកានៃអង្គសន្និបាត សម្រាប់បំពេញបន្ថែមលើខ្លឹមសាររបាយការណ៍ និងទិសដៅ រួមទាំងការចូលរួមពិនិត្យ ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងគោលការណ៍សំខាន់ៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣ នេះបន្តទៀត។ ក្នុងនាមក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានសំណូមពរដល់ ឯកឧត្តម លោកជំទារំ អស់លោក លោកស្រី សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល សូមយកអស់នូវកម្លាំងកាយ ប្រាជ្ញា ស្មារតី អនុវត្តតាមរបៀបវារៈ និងកម្មវិធី សន្និបាត សំដៅចូលរួមធ្វើឱ្យសន្និបាតសម្រេចលទ្ធផលតាមការគ្រោងទុក៕

អត្ថបទទាក់ទង