ព្រឹកថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្តែងការគួរសម និងប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូត នៃសាធារណរដ្ឋឆេក ប្រចាំទីក្រុងភ្នំពេញ ដែលដឹកនាំដោយ ឯកឧត្តម Vlastimil TESAR ប្រធានស្តីទីស្ថានទូត នៃសាធារណរដ្ឋឆេក ប្រចាំទីក្រុងភ្នំពេញ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
ពិធីនេះក៏មានកាអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអនុប្រធាន និងសមាជិក នៃសភាពាណិជ្ជកម្មខេត្តបាត់ដំបង ផងដែរ ។
ក្នុងជំនួបពិភាក្សានេះផងដែរ គឺក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសនៃការវិនិយោគជាដៃគួររវាងខេត្តបាត់ដំង នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆេក ។ ជំនួបនេះដែលផ្តោតសំខាន់ទៅលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម អនាម័យទឹកស្អាត រ៉ែ និងថាមពល និងសុខាភិបាល ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ដល់គណៈប្រតិភូ ស្ថានទូតនៃសាធារណរដ្ឋឆេក ដែលបានអញ្ជើញមកទស្សនកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលវិស័យមួយចំនួនរបស់ខេត្តបាត់ដំបង ។ ឯកឧត្តម ក៏បានជម្រាបជូនដល់គណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ និង វិស័យសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង ។
ឯកឧត្តម Vlastimil TESAR ប្រធានស្តីទីស្ថានទូត នៃសាធារណរដ្ឋឆេក ប្រចាំទីក្រុងភ្នំពេញ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ដែលបានទទួលស្វាគមន៍ និងរៀបចំកិច្ចជុំនាពេលនេះ។ ក្នុងនោះផងដែរ ឯកឧត្តម Vlastimil TESAR ក៏បានធ្វើបទបង្ហាញអំពីក្រុមហ៊ុនមួយចំនួន របស់សាធារណរដ្ឋឆេក ក្នុងនោះមានក្រុមហ៊ុនផលិតត្រាក់ទ័រ និងគ្រឿងបរិក្ខាកសិកម្ម ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ ក្រុមហ៊ុនរៀបចំអនាម័យទឹកស្អាត និងក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខាមន្ទីរពេទ្យ ជូនដល់អង្គប្រជុំ ជាពិសេស ជាមួយតំណាងសភាពាណិជ្ជកម្មខេត្តបាត់ដំង ដែលមានចំណាប់អារម្មណ៍ចង់ចាប់ដៃគូវិនិយោគ ជាមួយសាធារណរដ្ឋឆេក ។