រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋនៅស្រុកសំឡូត

  • 304
  • ដោយ teavvisal

នៅព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការីបានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាជនជាតិព័រ ចំនួន១០០គ្រួសារ ស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលពិធីសំណេះសំណាលសួរសុខទុក្ខនេះ នៅបរិវេណវត្តភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ទាំងនេះ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាជនជាតិព័រសរុប១០០គ្រួសាររស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។ ឯកឧត្តមបានបន្តទៀតថា សម្តេច តែងតែផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។ ជាមួយនឹងការផ្តល់អំណោយសម្រាលការលំបាកទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏តែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិន រស់នៅមានអនាម័យល្អ ចំពោះ ស្ត្រីមានកូនតូច ឬមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជំនាញយ៉ាងតិចឱ្យបាន ៤ដង ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព ហើយបើបងប្អូនមានជំងឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅជិតបំផុតឱ្យបានទាន់ពេលវេលា កុំបង្អង់យូរដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត។ ឯកឧត្តម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់អំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាសម័យកាលមុនមានបងប្អូនយើងជាច្រើនបានរងគ្រោះធ្លាក់ខ្លួនពិការដោយសារសង្គា្រម តែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម បានបញ្ជាក់ថាបងប្អូនរស់នៅក្នុងប្រទេសមានសន្តិភាពហើយ ត្រូវខិតខំកសាងសុភមង្គលគ្រួសារ ដោយមិនត្រូវប្រើអំពើហិង្សាក្នុងគ្រួសារ និងសូមជៀសវាងការប្រព្រឹត្តទង្វើគ្រប់បែបយ៉ាងដែលនាំឱ្យការកើតមានអំពើហិង្សាក្នុងគ្រួសារ។ បន្ថែមពីនេះ សូមប្រជាពលរដ្ឋនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមកាលកំណត់ឱ្យបានគ្រប់ៗគ្នា បើទោះបីជាប្រទេសយើង បានឆ្លងផុត ពីគ្រោះថ្នាក់នៃជំងឺនេះក៏ដោយ តែពិភពលោកទាំងមូលមិនទាន់លុបបំបាត់ជំងឺនេះទាំងស្រុងនោះឡើយ ដូច្នេះត្រូវនាំគ្នាការពារ ទើបប្រសើរ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធ ១កេស និងត្រីខ ១០កំប៉ុង ផងដែរ ៕

អត្ថបទទាក់ទង