នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយ ឯកឧត្តម មន្ដសិទ្ធិ៍ ផៃសានធនវ័ត្ត អភិបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការរវាងខេត្ដទាំងពីរ (បាត់ដំបង-ចន្ទបុរី) ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការងាររួមគ្នា ដើម្បីបង្កើនការយោគយល់គ្នា និងមិត្តភាពរវាងខេត្តបាត់ដំបង និងខេត្តចន្ទបុរី ដែលបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ហើយចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ គឺជាចំណងមិត្តភាពប្រពៃណីដ៏ល្អ តាមរយៈនេះ ខេត្តបាត់ដំបង និងបណ្តាខេត្ត ដែលជាប់ពំ្រដែនជាមួយគ្នា បានជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យ ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល និងអនុស្សរណៈយោគយល់គ្នារបស់ភាគីទាំងពីរនិងស្របទៅតាមគោលបំណងរួម ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក ។
ឯកឧត្តម បានបន្តទៀតថា កិច្ចជំនួបរវាងរដ្ឋបាលខេត្តបាត់ដំបង និងខេត្តចន្ទបុរី នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលភាគី ខេត្តទាំងពីរធ្លាប់ជួបពិភាក្សាការងារកន្លងមក ប៉ុន្តែដោយស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យកិច្ចពិភាក្សាការងាររវាងភាគីទាំងពីរខកខានមិនសូវបានជួបប្រជុំគ្នា ។ ទោះបីយ៉ាងនេះក្តីកិច្ចការទំនាក់ទំនងរវាងខេត្តទាំងពីរនៅតែសហការល្អជាមួយគ្នា បង្កើនកិច្ចសហប្រតិបត្តិការទំនាក់ទំនងការងារកាន់តែល្អជិតស្និទ្ធជំរុញឱ្យមានការអភិវឌ្ឍរីកចម្រើន ដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងអត្ថប្រយោជន៍រួមគ្នា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងតាមលក្ខខណ្ឌច្បាប់ លិខិតបទដ្ឋានរបស់ប្រទេសនៃភាគីទាំងពីរ ។
ឯកឧត្តម សុខ លូ បានរំលេចឱ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង កំពុងរៀបចំក្រុងបាត់ដំបង ជាក្រុង Smart City និងការរៀបចំប្រព័ន្ធលូ ផ្លូវ ហើយត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលខេត្តបាត់ដំបង ជាប៉ូលសេដ្ឋកិច្ចទី៤របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះខេត្តបាត់ដំបង គ្រោងនឹងបង្កើតផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែបាត់ដំបង ភ្នំពេញ និងព្រលានយន្តហោះប្រភេទ 4C រួមនិងកិច្ចអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីធ្វើឱ្យខេត្តបាត់ដំបងកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងវិនិយោគិនទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិធ្វើការដាក់ទុនវិនិយោគលើគ្រប់វិស័យនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជា ។
ឯកឧត្តម មន្តសិទ្ធិ៍ ផៃសានធនវ័ត្ត អភិបាលខេត្តចន្ទបុរី បានធ្វើការ ស្វាគមន៍ចំពោះកិច្ចការងារសំខាន់ៗទាំងអស់របស់កម្ពុជា ដែលកំពុងមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយរាល់កិច្ចសហប្រតិបត្តិការដែលធ្លាប់មានកន្លងមក ក្នុងនាមអាជ្ញាធរខេត្តចន្ទបុរី នៅតែបន្តរក្សារគោលជំហរបែបនេះតទៅមុខទៀត ។
ឯកឧត្តម បានបញ្ជាក់ថា អាជ្ញាធរខេត្តចន្ទបុរី នឹងបន្តការជួយអន្តរាគមន៍ដល់ពលករកម្ពុជា ដែលបាននឹងកំពុងធ្វើការងារនៅថៃ ពេលជួបនឹងបញ្ហាអ្វីផ្សេងៗ ហើយអាជ្ញាធរខេត្តចន្ទបុរី សន្យានឹងធ្វើកិច្ចប្រតិបត្តិការក្នុងការបង្រ្កាបបទល្មើសផ្សេងៗនៅតាមព្រំដែនក៏ដូចជាបង្រ្កាបបញ្ហាគ្រឿងញៀនឆ្លងដែនផងដែរ ៕