រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សក់សេដ្ឋា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបវេល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី នៅស្រុកបវេល ខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបវេល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ថ្មី១ខ្នងមាន៦បន្ទប់ ដែលជាអំណោយរបស់លោក ស៊ីមីស៊ូកាស៊ូអ៊ូ តាមរយៈអង្គការស្គូលអេជជប៉ុន និងបង្គន់អនាម័យ១ខ្នង ២បន្ទប់ ដែលឧបត្ថម្ភដោយក្រុមការងារចុះជួយឃុំខ្នាចរមាស ស្ថិតនៅសាលាបឋមសិក្សាក្នុងភូមិស្វាយស ឃុំខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី២៥ខែឧសភានេះ ។

លោក លួត សាលី អភិបាលស្តីទីស្រុកបវេលបានឱ្យដឹងថា ៖ ឆ្នាំសិក្សា២០១៩-២០២០នេះ មានកុមារាកុមារីកំពុងសិក្សាកម្រិតិបឋមសិក្សានៅភូមិស្វាយស ចំនួន ១៨៩នាក់ ស្រី ៨៧នាក់ ចែកចេញជា៦ថ្នាក់ មានលោកគ្រូអ្នកគ្រូចំនួន៦នាក់ក្នុងនោះគ្រូជាប់កិច្ចសន្យាចំនួន៣ នាក់ ។ លោកអភិបាលស្តីទីបានឱ្យដឹងទៀតថា កន្លងមកមានអគារសិក្សាមួយខ្នង៥បន្ទប់ចាស់ទ្រុឌទ្រោមខ្លាំង ទើបសម្រេចកសាងអគារសិក្សាថ្មីនេះឡើងចំណាយអស់ថវិកាចំនួន៥៥.៥០០ដុល្លាសហរដ្ឋអាមេរិកក្រោមការជួយឧបត្ថម្ភពីសំណាក់ប្រជាជនជប៉ុន លោក ស៊ីមីស៊ូកាស៊ូអ៊ូ តាមរយៈអង្គការស្គូលអេជជប៉ុន និងបង្គន់អនាម័យ ១ ខ្នង ២ បន្ទប់ ដែលឧបត្ថម្ភដោយក្រុមការងារចុះជួយឃុំខ្នាចរមាស ។

លោកអ៊ីតុ កាស៊ុតាកា នាយកប្រតិបត្តិអង្គការស្គូលអេជជប៉ុនបានសំដែងនូវការសង្ឃឹមជឿជាក់ថាក្មួយៗប្រែក្លាយនូវក្តីស្រមៃរបស់ខ្លួនគ្រប់រូប ដោយខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយទៅជាការពិត ហើយគ្រួសារនិមួយៗ ត្រូវមានការជួយជ្រោមជ្រែងដល់កូនចៅរបស់ខ្លួនបន្ថែមទៀត ដើម្បីក្លាយខ្លួនជាប្រជាពលរដ្ឋមានសមត្ថភាពគ្រប់គ្រាន់និងមានឱកាសអាចទៅធ្វើការនៅប្រទេសជប៉ុនបាន ថែមទៀតផង ។

ឯកឧត្តម សក់ សេដ្ឋា បានអបអរសាទរនិងកោតស្ញប់ស្ញែងចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុនដែល បានផ្តល់វិភាគទានជួយដល់ប្រជាពលរដ្ឋនិង រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ហើយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីនេះគឺពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាផ្តល់នូវឧត្តមប្រយោជន៍យ៉ាងធំធេងដល់វិស័យអប់រំសិក្សានិងបង្កលក្ខណៈងាយស្រួលឱ្យកូនចៅប្រជាពលរដ្ឋនៅតំបន់ជនបទដាច់ស្រយាល បានចូលរៀនគ្រប់ៗគ្នា និងស្របតាមការគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយត្រូវពង្រាយសាលាបឋមសិក្សាឱយនៅកៀកកិត ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបានលើកឡើងផងដែរពីវីស័យអប់រំនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំងទាំងគ្រឹះស្ថានរដ្ឋនិងឯកជនបានបើកឱកាសឱ្យក្មួយៗសិក្សារៀនសូត្របានខ្ពង់ខ្ពស់កសាងធនធានប្រកបសមត្ថភាពនិងសក្តានុពលនាពេលបច្ចុប្បន្ននិងទៅអនាគត ។ ឯកឧត្តមបានផ្តាំផ្ញើដល់ក្នួយៗ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចៀសឆ្ងាយពីគ្រឿងញៀននិងជួយអប់រំកូនចៅឱ្យបានល្អ អនាគតជាអ្នកបន្តវេនក្នុងគ្រួសារ និងសង្គមជាតិ មួយវិញទៀតការធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវធ្វេសប្រហែសដែលអាចកើតមានបញ្ហាណាមួយឡើយ ។ ជាចុងក្រោយឯកឧត្តមសូមឱ្យលោកគ្រូអ្នកគ្រូក្មួយៗ យកចិត្តទុកដាក់ថែទាំសាលាឱ្យល្អដែលជាថ្នាល និងជាគ្រឹះយ៉ាងរឹងមាំបន្តទៅគ្រប់កំរិតសិក្សាថែមទៀត ។

អត្ថបទទាក់ទង