រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Agribusiness Asia Group ដើម្បីពិភាក្សាការងារអំពីការវិនិយោគក្នុងខេត្តបាត់ដំបង

  • 139
  • ដោយ teavvisal

នៅរសៀលថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Agribusiness Asia Group ដើម្បីពិភាក្សាការងារស្ដីពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគក្នុងខេត្ត ពាក់ព័ន្ធទៅនឹងដំណាំពោតក្នុងខេត្តបាត់ដំបង ។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Agribusiness Asia Group បានលើកឡើងថា ក្រុមហ៊ុនបានធ្វើការសិក្សាអស់រយៈពេលជាង៦ខែរួចមកហើយ មុននឹងសម្រេចជ្រើសរើសខេត្តបាត់ដំបង ជាខេត្តគោលដៅរបស់ក្រុមហ៊ុន ដោយសារខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្ពស់ ដីមានជីវជាតិល្អ មានប្រព័ន្ធទឹកគ្រប់គ្រាន់ អាកាសធាតុអំណោយផល មានផ្ទៃដីធំ និងជាពិសេសជាខេត្តដែលមានទីតាំងភូមិសាស្រ្ដល្អ ជិតនឹងព្រំដែនអន្តរជាតិកម្ពុជា-ថៃជាច្រើន ដែលបង្កភាពងាយស្រួលក្នុងការនាំចេញផលិតផលពោតទៅកាន់ប្រទេសថៃផងដែរ ។ ដោយលទ្ធផលបែបនេះហើយ ទើបក្រុមហ៊ុនមានបំណងចង់ធ្វើការវិនិយោគនៅខេត្តបាត់ដំបងនេះ គួបផ្សំជាមួយនឹងតម្រូវការផ្គត់ផ្គង់ពោតមានការកើនឡើងឥតឈប់ឈរ និងមិនទាន់គ្រប់តម្រូវការនៅឡើយទេ ។ ក្រុមហ៊ុន Agribusiness Asia Group ជាក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការណ៍នៅប្រទេសអូស្រ្ដាលី និងព្រះរាជាណាចក្រថៃ ហើយជាក្រុមហ៊ុនដែលប្រើប្រាស់នូវបច្ចេកវិទ្យាពាក់ព័ន្ធនឹងផ្នែកផ្កាយរណប ដែលបច្ចេកទេសនេះអាចជួយឱ្យការដាំដុះទទួលផល៣ដងក្នុងមួយឆ្នាំ ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថ្លែងនូវការស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន Agribusiness Asia Group ដែលមានបំណងចង់ធ្វើការវិនិយោគលើផ្នែកដំណាំពោតនៅខេត្តបាត់ដំបង ព្រោះខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខ្ពស់ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ដខ្វាត់ខ្វែង ទន្ទឹមនឹងនោះរដ្ឋាភិបាលក៏បានធ្វើការដាក់ទិសពាយ័ព្យ ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ផងដែរ ។ ឯកឧត្តមបានបន្តថា ចំពោះការវិនិយោគនេះផងដែរ ក៏ជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យកសិកម្មក្នុងខេត្តបាត់ដំបងឱ្យកាន់តែមានការរីកចម្រើន កាន់តែទំនើប និងក៏ដូចជាបង្កើនប្រាក់ចំណូលជូនប្រជាកសិករឱ្យកាន់តែល្អប្រសើរផងដែរ ៕

អត្ថបទទាក់ទង