រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ក្រសួងមហាផ្ទៃ អំពាវនាវឱ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពមកបំពេញបែបបទ​ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី

  • 502
  • ដោយ teavvisal

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព មេត្តារួសរាន់មកបំពេញបែបបទ​ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយហេតុថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ សម្រាប់ការទទួលយកសេវារដ្ឋបាលផ្សេងៗ ជាពិសេសមិនអាចបំពេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខទេ។
ក្រសួងមហាផ្ទៃ​ ក៏សូមជម្រាបជូនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកហើយមកបំពេញការងារជាកម្មករកម្មការិនី ឬការងារផ្សេងៗ ជាពិសេសនៅរាជធានីភ្នំពេញ អាចអញ្ជើញមកបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានអាសយដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ ឬនៅផ្សារអីអន២ សែនសុខ ដោយមិនចាំបាច់អញ្ជើញទៅឃុំ សង្កាត់ ដែលជាលំនៅដ្ឋានអចិន្ត្រៃយ៍របស់ខ្លួននោះទេ។
យោងតាមទិន្នន័យដែលស្រង់ចេញពីប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានផ្តល់ជូនចាប់ពីឆ្នាំ២០១២ និងក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ គិតដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវអស់សុពលភាពប្រើប្រាស់មានចំនួន ១.៧២៧.០៩៤នាក់។ ក្នុងនោះផងដែរសម្រាប់លទ្ធផលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានចំនួន ៦១៦.៧២១នាក់ ហេតុនេះចំនួននៅសល់ដែលត្រូវបន្តផ្ដល់ មានចំនួន ១.១១០.៣៧៣នាក់ ទៀត។
ក្រសួងមហាផ្ទៃ នឹងបន្តជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាតាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមាន តម្លៃប្រើប្រាស់ក្នុងការទទួលយកសេវារដ្ឋបាលផ្សេងៗ និងក្នុងការបំពេញសិទ្ធិនយោបាយរបស់ខ្លួន៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទទាក់ទង