រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាការងារ និងស្ដាប់បទបង្ហាញវឌ្ឍនភាពអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង

  • 167
  • ដោយ teavvisal

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងស្ដាប់បទបង្ហាញស្ដីពីវឌ្ឍនភាពអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងបាត់ដំបង នៃគម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត នៅឯសាលប្រជុំសាលាខេត្តបាត់ដំបង ។
ពាក់ព័ន្ធនឹងគម្រោងនេះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ក្នុងន័យជំរុញដល់ក្រុមការងារ ពន្លឿនក្នុងការកសាង និងជាពិសេសគឺការសាងសង់ប្រព័ន្ធលូឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីពន្លឿនដល់ការសាងសង់ផ្លូវឱ្យស្អាតត្រឡប់មកវិញ សម្រាប់សម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ព្រោះបច្ចុប្បន្ននេះដោយសារការកាយផ្លូវដើម្បីរៀបចំប្រព័ន្ធលូនេះ បានបង្កជាផលលំបាកដល់ប្រជាពលរដ្ឋដែលរស់នៅក្រុងបាត់ដំបង ក្នុងការធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ។ ឯកឧត្តមបានបន្តទៀតថា សូមឱ្យក្រុមការងារសាងសង់បន្តយកចិត្តទុកដាក់ ដើម្បីឱ្យដំណើរការសាងសង់រលូន ហើយត្រូវបន្តធ្វើការផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹង អំពីគម្រោងមួយនេះ ដើម្បីឱ្យប្រជាពលរដ្ឋយល់អំពីសមិទ្ធផលរបស់ខេត្ត និងដើម្បីឱ្យមានការយល់ដឹងអំពីគោលបំណងក្នុងការសាងសង់ ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ ។
គួរបញ្ជាក់ផងដែរថា គម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងបាត់ដំបង ក្រុងសៀមរាប ក្រុងសិរីសោភ័ណ និងក្រុងស្ទឹងសែន រួមមានការរៀបចំបណ្ដាញលូ ប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធច្រោះសំអាតទឹកកខ្វក់ និងទីលានទុកដាក់សំរាមជាដើម ក្រោមកម្ចីឥណទានសម្បទារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ៕

អត្ថបទទាក់ទង