ព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង បានរៀបចំប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត (៣ឆ្នាំ ៨ខែ ២០ថ្ងៃ ) នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង ។
ពិធីនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួម ពីព្រះវិសុទ្ធវង្ស អ៊ុក មុត រាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណមហានិកាយខេត្តបាត់ដំបង ព្រះធម្មត្ថេរ ឡុង សុងលី រាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត ព្រមទាំងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និសិ្សត យុវជន បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃទី២០ ឧសភានេះ គឺជា «ទិវាជាតិនៃការចងចាំ» ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩)។ គោលបំណង នៃទិវាជាតិនៃការចងចាំ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ។
គួររំលឹកថា ទិវាចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។
ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបាន ហើយបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ ទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕