រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អបអរសាទរខួបលើកទី ៤៤ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៣)

  • 764
  • ដោយ teavvisal

នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣) នៅឯមុខបរិវេណសារមន្ទីរប្រវត្តិសាស្រ្ដ (អគារសាលាខេត្តចាស់) ។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៤៤ឆ្នាំ (០៧ មករា ១៩៧៩-០៧ មករា ២០២៤) ដែលប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត ។ ក្នុងរបបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។
ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាលជំងឺ គ្មានសាលារៀន ហើយគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ជាបន្តបន្ទាប់។
សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្តរ៍៕

អត្ថបទទាក់ទង