រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជានៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង

  • 1.9ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ ខេត្តបាត់ដំបងបានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជាយ៉ាអធិកអធម នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះវិសុទ្ធិវង្ស អ៊ុក មុត រាជាគណៈថ្នាក់កិត្តិយស និង ជាព្រះមេគណខេត្តបាត់ដំបង ព្រមទាំងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និសិ្សត ព្រមទាំងយុវជន យុវនារី បានអញ្ជើញចូលរួម យ៉ាងច្រើនកុះករ ។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

ថ្ងៃ១៥ កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក តែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីបុណ្យប្រពៃណីពុទ្ធសាសនា វិសាខបូជា។ វិសាខបូជា ដែលនឹងប្រារព្ធឡើងក្នុងឆ្នាំ២០១៩ នេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត (ខួបទី២៦៤២) ខួបថ្ងៃត្រាស់ដឹង (ខួបទី២៦០៧) និងខួបថ្ងៃចូល បរិនិព្វាន (២៥៦២) របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិតសម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែវិសាខតែមួយខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

ថ្ងៃនេះដែរក៏ជាថ្ងៃអង្គការសហប្រជាជាតិបានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃ១៥ ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសាកលអំពីការរួមចំណែក របស់ព្រះពុទ្ធសាសនាក្នុង ពិភពលោកជាងពីរពាន់ប្រាំរយឆ្នាំមកនេះហើយនិងកំពុងបន្តនូវ ឥទ្ធិពលរបស់ខ្លួនក្នុងការលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត។

អត្ថន័យបុណ្យវិសាខបូជា

ពាក្យថា វិសាខបូជា មកពីពាក្យថា វិសាខបុណ្ណមីបូជា ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ។

ហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា?
ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជាព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាងកើតឡើងផ្ទួនគ្នា ទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ មានន័យថា ថ្ងៃនេះពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារលឹកនឹក​ដល់ថ្ងៃប្រសូត ត្រាស់ដឹង និង បរិនិព្វានរបស់ព្រះបរមសាស្តា ។

១.ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃប្រសូត(birth) 
នៅពេលដែលព្រះនាងសិរិមហាមាយាដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុ​ដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅមាតុភូមិ គឺ ទេវទហនគរ ដើម្បី​សម្រាលព្រះរាជឱរសតាមទំនៀមនិយមក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន(រុម្មិណ្តេ) រវាង​ ក្រុង​កបិលពស្តុនិងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស នៅខណៈនោះព្រះ​នាង​ក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯងដែលត្រូវនឹងពេលព្រឹកថ្ងៃសុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំច មុន ព.ស. ៨០ ឆ្នាំ លុះស្តាប់ឮពត៌មានថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះកំពូលរាស្រ្តសុទ្ធោទនក៏ត្រាស់បញ្ជា​ឲ្យក្បួនដង្ហែវិលត្រឡប់ចូលព្រះនគរវិញ កាលបើប្រសូតបាន ៥ ថ្ងៃ ព្រះរាជឱរសនេះក៏ត្រូវបានសន្មតព្រះនាមថា សិទ្ធត្ថៈ ប្រែថា សមបំណង ។

២.ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ(enlightenment)
ក្រោយពីចេញបួសបាន ៦ ឆ្នាំ នៅព្រះជន្ម ៣៥ ឆ្នាំ សិទ្ធត្ថកុមារក៏បានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ នៅព្រឹកព្រាង​ថ្ងៃពុធ តិថី ១៥ កើត ខែពិសាខ ឆ្នាំរកា មុនព.ស. ៤៥ ឆ្នាំ នៅឯពុទ្ធគយា ។

៣.ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃបរិនិព្វាន(passing away)
ក្រោយពីព្រះអង្គត្រាស់ដឹងនិងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ឆ្នាំរហូតដល់ព្រះជន្មបាន ៨០ ឆ្នាំហើយ ព្រះអង្គក៏ចូល​បរិនិព្វាននៅថ្ងៃអង្គារ តិថី ១៥ កើត ខែពិសាខ ឆ្នាំ្មម្សាញ់ ព.ស. ១​ ឆ្នាំ នៅឯនគរកុសិនារា ។ 
ការដែលពោលថាហេតុការណ៍អស្ចារ្យ ព្រោះព្រះអង្គប្រសូត ត្រាស់ដឹង និង បរិនិព្វាននៅតិថី ១៥ កើត ខែពិសាខដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និង ឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើន​កើតនិងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និង បរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គលដែលគួរដល់ការចងចាំរបស់ពិភពលោក ។

អត្ថបទទាក់ទង