រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ១០០ គ្រួសារ នៅឃុំរការ ស្រុកសង្កែ

  • 216
  • ដោយ teavvisal

នាព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ១០០គ្រួសារ ដែលរស់នៅឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានវិសមភាព» ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តរការ ឃុំរការ ស្រកសង្កែ ខេត្តបាត់ដំបង ។
មានប្រសាសន៍នាឱកាសនោះ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ និងជាប្រធានគណ:កម្មាធិការអនុសាខាស្រុកសង្កែ បានថ្លែងរបាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅនៃមេរោគអេដស៍ជំងឺអេដស៍ក្នុងឃុំរការ និងបានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដែលតែងតែជួយសម្រាលការលំបាកដល់គ្រួសាររងគ្រោះដោយសារមេរោគអេដស៍ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងទឹកដីខេត្តបាត់ដំបងជាពិសេសឃុំរការ ស្រុកសង្កែតែម្តង។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍នាំយកប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកា ភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ បើទោះបីជា សម្តេច មិនបានអញ្ជើញមកដោយផ្ទាល់តែ សម្តេច តែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងចរន្តជាតិតែមួយ ដើម្បីបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ហើយចំពោះក្មួយៗចៅៗជាយុវជនត្រូវខិតខំសិក្សារៀនសូត្រ កុំប្រព្រឹត្តផ្តេសផ្តាស់ក្នុងវ័យសិក្សា ជាពិសេសត្រូវធ្វើជាមិត្តអប់រំមិត្ត ជាគំរូល្អដល់អ្នកដទៃ។
ថ្លែងពីលើវេទិកានោះដែរ ឯកឧត្តម បាននាំយកសេចក្តីអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមអនុវត្តទាំងអស់គ្នា នូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និង «ការធ្វើឱ្យមានសមភាព» តាមរយៈសកម្មភាពសំខាន់ៗដូចខាងក្រោម៖
១- សូមបងប្អូនជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាពនៅក្នុងសង្គមជាតិ
២- សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង
៣- សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សា ការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា
៤- សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក
៥- សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
៦- សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននាពេលនេះ រួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕

អត្ថបទទាក់ទង