នៅរសៀលថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រីបាត់ដំបងនាពេលខាងមុខនេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជួបសំណេះសំណាលជាមួយអាជីវករដែលកំពុងលក់ដូរនៅផ្សាររាត្រី និងនៅតាមវិថីម្ហូបអាហារ ដែលនឹងត្រូវធ្វើការផ្លាស់ប្ដូរទីតាំងលក់របស់ពួកគាត់ ទៅផ្សាររាត្រីបាត់ដំបងថ្មី ដែលរដ្ឋបាលខេត្តបាត់ដំបងគ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខដ៏ខ្លីនេះ ដោយទីតាំងចាស់នឹងជំនួសដោយវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការដើរលេងកំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើននៅក្នុងសួនច្បារសម្ដេចក្រឡាហោមវិមានឯករាជ្យនោះផងដែរ ។
ចំណែកចំពោះអាជីវករដែលកំពុងប្រកបអាជីវកម្មនៅទីនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការសិក្សា និងគិតគូរជូនអាជីវករបានរួចរាល់អស់ទៅហើយ ពោលគឺរដ្ឋបាលខេត្តនឹងធ្វើការសាងសង់ផ្សាររាត្រីថ្មីមួយកន្លែងទៀត ដើម្បីផ្លាស់ប្ដូរគាត់ទៅប្រកបអាជីវកម្មនៅកន្លែងថ្មី ដោយមិនមែនទុកពួកគាត់ចោលឡើយ។ ក្នុងនោះឯកឧត្តម ក៏បានធ្វើការសំណូមពរ និងសុំធ្វើការអធ្យាស្រ័យដល់អាជីវករទាំងអស់មេត្តាយោគយល់ផងដែរ ព្រោះថាការអភិវឌ្ឍគឺតែងតែមានការប៉ះពាល់មួយចំនួនតូចផងដែរ ដែលទាមទារឱ្យអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មេត្តាលះបង់ និងចូលរួមជាមួយរដ្ឋបាលខេត្ត ព្រោះថាការអភិវឌ្ឍគឺក្នុងគោលបំណងតែមួយគត់ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនផងដែរ ។
ទន្ទឹមនឹងនោះដែរ អាជីវករដែលលក់ដូរនៅតាមផ្សាររាត្រី និងនៅវិថីម្ហូបអាហារបច្ចុប្បន្ននេះ ក៏បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយ ចំពោះដំណោះស្រាយរបស់រដ្ឋបាលខេត្តបាត់ដំបងក្នុងការរៀបចំទីតាំងលក់ដូរថ្មីរបស់អាជីវករទៅផ្សាររាត្រីបាត់ដំបងថ្មីមួយនេះ ហើយគាត់សង្ឃឹមយ៉ាងមុតមាំថាទីតាំងថ្មីនេះជាទីតាំងដែលធ្វើឱ្យគាត់បង្កើនការលក់ដូរឱ្យកាន់តែល្អប្រសើរជាងមុន ជាមួយនឹងបរិយាកាសថ្មី សោភ័ណភាពថ្មីដែលអាចបំពេញចិត្តដល់អតិថិជនរបស់គាត់បានកាន់តែច្រើនមួយកម្រិតទៀត ។
គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងផ្សាររាត្រីថ្មី ដែលរដ្ឋបាលខេត្តគ្រោងនឹងធ្វើការសាងសង់នាពេលខាមុខនេះ គឺជាអតីតសួនច្បារដែលធ្វើការទុកចោលអស់រយៈពេលជាយូរមកហើយ ហើយកន្លងមកក៏មានជនអនាថា ជនញៀនគ្រឿងញៀន ឬជនវិកលចរិកមួយចំនួនបានមកស្នាក់នៅ បំផ្លិចបំផ្លាញសួនច្បារនេះ បង្កឱ្យរងនូវការខូចខាតសម្បត្តិសាធារណៈមួយចំនួនផងដែរ ហើយចំពោះការអភិវឌ្ឍផ្សាររាត្រី ក៏ដូចជាវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យនាពេលខាងមុខនេះ រដ្ឋបាលខេត្តសង្ឃឹមថានឹងកែលំអមុខមាត់សួនច្បារនេះឱ្យកាន់តែឱ្យកាន់តែស្រស់ស្អាតជាមុន និងកាន់តែទាក់ទាញជាងមុនទៀត ដើម្បីលើកកម្ពស់មុខមាត់ក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតផងដែរ ៕