នៅរសៀល ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង
បានអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក KISHIKAWA ប្រធានអង្គការ JMAS ប្រចាំស្នាក់ការកណ្តាល ទីក្រុងតូក្យូ ដើម្បីរាយការណ៍អំពីគម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព (Safety Village Construction Project SVC) និងគម្រោងកែលំអដីកសិកម្ម (Farmland Maintenance Support Project FMS) ។
អង្គការសកម្មភាពកម្ចាត់មីនជប៉ុន ជាអង្គការក្រៅរដ្ឋាភិបាលកម្រិតអន្តរជាតិ ដែលបានចូលរួមសកម្មភាពបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។ បន្ទាប់ពីបានរំដោះដីដែរស្ថិតក្រោមការគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជូនប្រជាពលរដ្ឋហើយ គម្រោងSVC បានធ្វើការអភិវឌ្ឍតំបន់នោះតាមរយៈការកសាងសាលារៀន ផ្លូវថ្នល់ អណ្ដូង ស្នប់ ស្រះទឹក និងលូកាត់ទទឹងជាដើម ដើម្បីជូនប្រជាពលរដ្ឋក្នុងការលើកកម្ពស់ជីវភាពរស់នៅបន្ថែមទៀត ។ នៅឆ្នាំ២០២០ ក្រុមហ៊ុនKOMATSU បាននាំយកម៉ាស៊ីនឈូសដីដែលប្រើបច្ចេកវិទ្យា ឡេស័រ ដែលអាចឈូសពង្រាបដីស្រែ ឱ្យមានកម្រិតនីវ៉ូទឹកស្មើគ្នា មកបំពាក់លើគម្រោងFMS ។
បន្ទាប់ពីកិច្ចប្រជុំរួចមក ឯកឧត្តម សុខ លូ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកប្រារព្ធមហោស្រពសិល្បៈ ជំនោ-art នៅផ្លូវលេខ២កន្លះ ស្ថិតក្នុងតំបន់អភិរក្សក្នុងក្រុងបាត់ដំបង ៕