រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី២

  • 25
  • ដោយ teavvisal

នៅរសៀលថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយក្នុងកិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខ្លាំង ប៉ុន្តែអ្វីដែលយើងកែច្នៃចេញពីសក្ដានុពលទាំងនោះ គឺមានលក្ខណៈតិចតួចតែប៉ុណ្ណោះទេ ដែលមិនទាន់កែច្នៃឱ្យអស់លទ្ធភាព ។ ឯកឧត្តមបានបន្តថា នៅថ្ងៃអនាគតរាជរដ្ឋាភិបាលគ្រោងនឹងធ្វើផ្លូវពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ផ្លូវពីខេត្តបាត់ដំបង ទៅខេត្តកោះកុង និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដែលបង្កឱ្យខេត្តបាត់ដំបងនេះជាខេត្តលេចធ្លោមួយនៅក្នុងប្រទេស ក្នុងវិស័យដឹកជញ្ជូន ការធ្វើដំណើរទៅកាន់ទីគ្រប់កន្លែងជិតឆ្ងាយ ។ ឯកឧត្តមបានបន្តទៀតថា សព្វថ្ងៃនេះផលិតផលកសិកម្មរបស់យើងមិនទាន់មានការកែច្នៃអស់នៅឡើយ ដោយសារមិនទាន់មានរោងចក្រកែច្នៃគ្រប់គ្រាន់ ដូចនេះត្រូវការសភាពាណិជ្ជកម្មមួយដែលខ្លាំងដើម្បីធ្វើការផ្សព្វផ្សាយទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសឱ្យមកវិនិយោគកាន់តែច្រើនឡើងនៅក្នុងប្រទេស ក្នុងន័យដើម្បីឱ្យកំណើនជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ធ្វើឱ្យផលដំណាំកសិកម្មមានតម្លៃទទួលយកបាន ។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរថាខេត្តបាត់ដំបងមានសមាជិកទីប្រឹក្សាក្នុងសភាពាណិជ្ជកម្មក្នុងខេត្តច្រើនគួរឱ្យកត់សម្គាល់ ដែលគាត់ចង់ចូលរួមជាមួយសភាពាណិជ្ជកម្មខេត្តដើម្បីពង្រឹងសភាពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ ហើយអ្នកទាំងអស់នោះគឺជាអាជីវករស្របច្បាប់ដែលកំពុងធ្វើអាជីវកម្មរបស់ខ្លួនផងដែរ ។ ឯកឧត្តមបានបន្តទៀតថា សភាពាណិជ្ជកម្មអត់មានគោលនយោបាយផ្ទាល់ខ្លួននោះទេ គឺត្រូវអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់ ហើយក្នុងពេលថ្មីៗកន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង បានចេញនូវលិខិតមួយណែនាំដល់អាជ្ញាធរខេត្ត សហការជាមួយសភាពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងខេត្ត។ ឯកឧត្តមបានបន្តទៀតថា សព្វថ្ងៃនេះមានបញ្ហាចម្បងមួយគឺការតាំងពិព័រណ៍ ជាពិសេសប្រទេសជិតខាងចង់តាំងពិព័រណ៍នៅប្រទេសកម្ពុជា ហើយភាគច្រើនផលិតផលរបស់ប្រទេសជិតខាងមានច្រើនជាងផលិតផលក្នុងស្រុក ដូចនេះសភាពាណិជ្ជកម្មគួរតែធ្វើការសហការជាមួយប្រទេសជិតខាងរៀបចំជាពិព័រណ៍ ឬធ្វើការតាំងពិព័រណ៍នៅក្នុងប្រទេសជិតខាងក៏បាន ដើម្បីបង្ហាញផលិតផលក្នុងស្រុកដែលខ្លួនកាន់តែទូលំទូលាយ ៕

អត្ថបទទាក់ទង