រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងទិវាទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ២០២២ និងពិធីដាក់ឱ្យដំណើរការសំណុំសកម្មភាពជាសារវន្ត នៃជំងឺមិនឆ្លងនៅថ្នាក់ថែទាំសុខភាពបឋម ក្នុងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងទិវាទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ២០២២ ក្រោមប្រធានបទ “យើងរួមគ្នាទប់ស្កាត់ភាពធាត់ និងជំងឺទឹកនោមផ្អែមតាមរយៈការផ្លាស់ប្ដូររបៀបរស់នៅ” និងពិធីដាក់ឱ្យដំណើរការសំណុំសកម្មភាពជាសារវន្ត នៃជំងឺមិនឆ្លងនៅថ្នាក់ថែទាំសុខភាពបឋម ក្នុងខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ។

គោលបំណងចម្បងនៃយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំ២០២២នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ដែលបង្កឡើងដោយជំងឺទឹកនោមផ្អែមមកលើគ្រួសារ ការលើកកម្ពស់ការអប់រំ ការការពារ ការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំរុញពិភពលោករួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមដែលជាបញ្ហាសុខភាពសកលដ៏សំខាន់មួយ ។

លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ជំងឺទឹកនោមផ្អែមបណ្តាលមកពីកត្តាហានិភ័យចំនួន៤គឺ៖ របបអាហារគ្មានសុខុមាលភាព កង្វះកាយវប្បកម្ម គឺលំហាត់ប្រាណ ការប្រើប្រាស់ថ្នាំជក់ និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ។ លោកបានបន្តទៀតថា ជំងឺទឹកនោមផ្អែមមាន៣ប្រភេទគឺ ទី១.ជំងឺទឹកនោមផ្អែមកើតឡើងចំពោះកុមារ និងមនុស្សវ័យជំទង់អាយុក្រោម៣០ឆ្នាំ (ការព្យាបាលត្រូវចាក់អាំងស៊ុយលីន) ទី២.ជំងឺទឹកនោមផ្អែមកើតឡើងចំពោះមនុស្សពេញវ័យអាយុ៣០ឆ្នាំឡើង (អាចបង្ការបាន និងការព្យាបាលដោយប្រើប្រាស់ថ្នាំលេប) និងទី៣.ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ កើតឡើងចំពោះស្ត្រីមានអាយុគភ៌ ២៤ ទៅ ២៨សប្តាហ៍ (អាចជាទៅវិញក្រោយពេលសម្រាលកូន ប៉ុន្តែ១០ទៅ១៥ឆ្នាំក្រោយអាចមានហានិភ័យជំងឺទឹកនោមផ្អែម)។ ផលវិបាកនៃជំងឺទឹកនោមផ្អែមគឺ ធ្វើឱ្យខូចបេះដូង ភ្នែក តម្រងនោម ដំបៅជើង និងអាចរហូតដល់កាត់ជើងហើយការព្យាបាលជំងឺទឹកនោមផ្អែមគឺត្រូវព្យាបាលអស់មួយជីវិត។ជំងឺទឹកនោមផ្អែមអាចការពារបានតាមរយៈការបរិភោគអាហារប្រកបដោយសុខភាព ឱ្យបានត្រឹមត្រូវ និងទៀងទាត់ ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃមួយ ដែលជាបន្ទុកដ៏ធ្ងន់ដល់ប្រទេសកម្ពុជាយើង និងពិភពលោកទាំងមូល ដែលមានអត្រាមរណភាព ២% នៃការស្លាប់ដោយជំងឺមិនឆ្លង។ ឯកឧត្តមបានបន្តទៀតថា ឆ្នាំ២០១៧ ពិភពលោកមានអ្នកជំងឺទឹកនោមផ្អែមចំនួន៤២៥លាននាក់ និងឆ្នាំ២០៤០ អាចកើនឡើងដល់ ៦៤២លាននាក់ ហើយរៀងរាល់៨វិនាទី មានអ្នកជំងឺទឹកនោមផ្អែមស្លាប់ម្នាក់ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យ ឬមន្រ្ដីសុខាភិបាលទាំងអស់ ត្រូវធ្វើការប្រកបដោយវិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យ ពោលគឺត្រូវខិតខំបម្រើប្រជាពលរដ្ឋ ដោយប្រើប្រាស់កាយវិការ និងពាក្យសម្ដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ហើយត្រូវខិតខំពង្រឹងវិស័យសុខាភិបាលរបស់ខ្លួនឱ្យបានកាន់តែល្អជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ៕

អត្ថបទទាក់ទង