រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារអង្គការ VERNADOC កម្ពុជា

នៅរសៀល ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារអង្គការ VERNADOC កម្ពុជា ដើម្បីស្នើសុំការអនុញ្ញាតរៀបចំសិក្ខាសាលាអន្តរជាតិពីការគូររូបឯកសារបែបស្ថាបត្យកម្មលើកទី១ នៅក្នុងខេត្តបាត់ដំបង ដោយផ្ដោតទៅលើអគារប្រវត្តិសាស្រ្ដសាលាខេត្តចាស់ និងបណ្ដាអគារបេតិកភណ្ឌផ្សេងៗទៀតនៅក្នុងខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រីប្រធានគម្រោង VERNADOC CAMBODIA លោកស្រីសាស្រ្ដាចារ្យស្ថាបត្យកម្មនៃសាកលវិទ្យាល័យ រ៉ាំងស៊ីត (ប្រទេសថៃ) ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
គម្រោងនេះមានការចូលរួមជាលក្ខណៈស្ម័គ្រចិត្តពីសំណាក់បណ្ដាស្ថាបត្យករល្បីៗក្នុងស្រុក និងនៅលើសកលលោក ព្រមទាំងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយកម្មវិធីនេះមានគោលបំណងរួមចំណែកចូលរួមអភិរក្សមរតកវប្បធម៌ជាតិឱ្យនៅគង់វង្សសម្រាប់ជាពុទ្ធិ និងកេរ្ដិ៍ដំណែលដល់អ្នកជំនាន់ក្រោយ និងដើម្បីធ្វើការចងក្រងសំណង់អគារបុរាណចាស់ជាឯកសារ ដើម្បីបណ្ដុះចិត្តដល់អ្នកជំនាន់ក្រោយមានចិត្តស្រឡាញ់អគារចាស់ៗផងដែរ ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងនេះ ជាខេត្តដែលមានសក្ដានុពលលើវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យទេសចរណ៍ ហើយក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តបាត់ដំបងបានធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើននាំមុខគេក្នុងបណ្ដារាជធានីខេត្ត ជាខេត្តសម្បូរទៅដោយកន្លែងទេសចរណ៍មិនថាធម្មជាតិ ឬកែច្នៃទេ ហើយសម្បូរទៅដោយកន្លែងដែលជាលក្ខណៈវប្បធម៌ផងដែរ ។ ឯកឧត្តម បានបន្តទៀតថា ការបណ្ដុះគំនិតនេះ គឺជារឿងដែលល្អប្រសើរ ដើម្បីបណ្ដុះគំនិតដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗទៀតស្រឡាញ់ និងមានការចាប់អារម្មណ៍ចំពោះសំណង់ស្ថាបត្យកម្មខ្មែរបុរាណ មើលឃើញពីអត្ថប្រយោជន៍នៃសំណង់បុរាណខ្មែរ និងចូលរួមអភិរក្សសំណង់បុរាណទាំងនោះ ឱ្យបានគង់វង្ស និងល្អប្រសើរ ឱ្យខេត្តបាត់ដំបងកាន់តែទាក់ទាញ់បន្ថែមទៀត ហើយខេត្តបាត់ដំបងទៀតសោតស្ថិតក្នុងបណ្ដាញនៃទីក្រុងឆ្លាត (SMART CITY) ដូចនេះនៅពេលខាងមុខទៀតខេត្តបាត់ដំបងនឹងកាន់តែទាក់ទាញថែមទៀតជាក់ជាមិនខាន ៕

អត្ថបទទាក់ទង