រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចសង្ឃនាយករង ណយ ច្រឹក និមន្តជាអធិបតីបំបួសកុលបុត្រព្រះភិក្ខុ២អង្គនៅវត្តពោធិ៍វាលក្រុងបាត់ដំបង

  • 3.2ពាន់
  • ដោយ Sotheavy

នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ សម្តេចព្រះវនរ័ត្ន កិត្តិឧសទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជានិមន្តជាអធិបតីក្នុងពិធីបំបួសកុលបុត្រព្រះភិក្ខុ២អង្គនៅវត្តពោធិ៍វាលក្រុងបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ព្រះអនុគណក្រុង.ស្រុក ចៅអធិការវត្តនានា ចូលរួមផងដែរ។

នៅក្នុងពិធីបុណ្យបំបួសកុលបុត្រនេះផងដែរ ព្រះភិក្ខុ២អង្គបានប្រសូត្រចេញពីថ្នាក់ដឹកនាំខេត្ត គឺទី១ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរងនៃគណៈអភិបាលខេត្ត ជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ទី២ឯកឧត្តមឱសថបណ្ឌិត វឿង ប៊ុនរេត ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានស្ម័គ្រចិត្តសាងភ្នួសរយៈ៧ថ្ងៃដើម្បីជាបដិការ:តបស្នងសងគុណចំពោះមាតាបិតា លាបំណន់ និងផ្សាភ្ជាប់ជាឧបនិស្ស័យក្នុងព្រះពុទ្ធសាសនាក្នុងបរិវេណវត្តសមសាន្តនៅសង្កាត់ទួលតាឯកក្រុងបាត់ដំបង។

នៅក្នុងពិធីសាសនានេះដែរ សម្តេចសង្ឃ ណយ ច្រឹក គង់ជាអធិបតីរួមនឹងគ្រូសូត្រឆ្វេង ស្តាំ ជាគ្រូឧប្បជ្ឈាយ៍ ធ្វើតាមលន្លង ប្រពៃណីព្រះពុទ្ធសាសនា រហូតដល់លោកទាំង២ក្លាយជាព្រះភិក្ខុសង្ឃពេញលក្ខណ: និងមានពិធីប្រគេនទេយ្យទានគ្រឿងឧបភោគបរិភោគដល់វត្តចំនួន១២វត្តជាកិច្ចបង្ហើយផងដែរ។

អត្ថបទទាក់ទង