នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងត្រួតពិនិត្យការងារប្រចាំខែ និងលើកទិសដៅការងារចាំបាច់មួយចំនួនដើម្បីអនុវត្តបន្ត នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី ជាអភិបាល អភិបាលរងក្រុងស្រុកទាំង១៤ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុងស្រុកទាំង១៤ ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាលំដាប់ ក្នុងន័យដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ។ ឯកឧត្តមបានបន្តទៀតថា បញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ីសង ត្រូវតែបន្តខិតខំបង្រ្កាបឱ្យបានយ៉ាងមានប្រសិទ្ធិភាព ដើម្បីធានាថានៅក្នុងមូលដ្ឋានរបស់ខ្លួនមិនមានបញ្ហាការជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀនផ្សេងៗនៅក្នុងភូមិសាស្រ្ដរបស់ខ្លួន និងត្រូវធានាថាមិនមែនករណីល្បែងស៊ីសងខុសច្បាប់ ព្រោះថាទង្វើទាំងអស់នេះគឺជាទង្វើមួយដែលធ្វើឱ្យនៅតាមភូមិ ឃុំ សង្កាត់ មានភាពអសន្ដិសុខ បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ។ ក្នុងនោះដែរ ឯកឧត្តមក៏បានធ្វើការបន្តណែនាំដល់អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត គួរតែមានអ្នកនាំពាក្យនៅតាមអង្គភាពសាមី ដើម្បីធ្វើការទប់ស្កាត់បញ្ហាការផ្សព្វផ្សាយបំពុលពីសំណាក់ជនមួយចំនួន ដោយត្រូវធ្វើការឆ្លើយតបភ្លាមៗ ចំពោះព័ត៌មានបំពុលទាំងនោះ ហើយត្រូវគ្រប់គ្រងអ្នកសារព័ត៌មានដែលមានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណ ត្រូវឧស្សាហ៍ជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានទាំងនោះ ដោយធ្វើការបង្ហាញពីច្បាប់ ឬសុជីវធម៌ ឬវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដើម្បីលុបបំបាត់ការផ្សព្វផ្សាយលក្ខណៈបំពុលសង្គម ធ្វើឱ្យសង្គមមានភាពរញ៉េរញ៉ៃ ៕