រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ បន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់ សម្ដេច តេជោ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៥០០គ្រួសារ នៅស្រុកសង្កែ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០គ្រួសារ មកពីឃុំចំនួន១០ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដោយពិធីនេះបានរៀបចំឡើងនៅបរិវេណសាលាស្រុកសង្កែ ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានាដូចជាគ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះឱ្យបានទាន់ពេលវេលា ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់ជូនជាគ្រាប់ពូជស្រូវ ជាអង្ករ និងជាគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀតជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការរៀបចំបន្តជូនប្រជាពលរដ្ឋដែលរងការខ្វះខាត ក្នុងនោះដែរ នៅថ្មីៗនេះសម្ដេចបានផ្ដល់អង្ករ១០០តោនបន្ថែមទៀត ។ ក្នុងនោះក្រោមការចង្អុលបង្ហាញ ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានធ្វើការណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ចុះពិនិត្យមើលនៅតាមមូលដ្ឋាន យកចិត្តទុកដាក់តាំងពីទឹកទំនន់មកដំបូង ហើយសម្ដេចក៏បានផ្ដល់ជាគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋមុនៗកន្លងមក ។
ឯកឧត្តមបានបញ្ជាក់ថា ការចែកអំណោយសង្រ្គោះនេះទៀតសោត គឺមិនបានចែកបានគ្រប់គ្នាទេ តែគឺជាបឋមគឺធ្វើការចែកចំពោះប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងជាងគេ ហើយថ្ងៃទៅមុខទៀតក៏នឹងបន្តចែកជាបន្តបន្ទាប់ទៀត ដូចនេះសូមឱ្យមានការអធ្យាស្រ័យផងដែរ ។ ឯកឧត្តម ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទេ សូមប្រញាប់ទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជានេះ មិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចនេះសូមនាំគ្នារួសរាន់ទៅចាក់នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណាមួយដែលនៅជិតផ្ទះប្រជាពលរដ្ឋ ចាប់ពីដូសទី៣ឡើងទៅ ហើយសុំកុំឱ្យមានការភ័យខ្លាចថា ចាក់វ៉ាក់សាំងនេះហើយបង្កឱ្យមានបញ្ហាអីផ្សេងឱ្យសោះ ព្រោះវ៉ាក់សាំងគឺសម្រាប់ការពារ ជាពិសេសសម្រាប់ការពារក្រុមមនុស្សទន់ខ្សោយឱ្យគេចផុតពីជំងឺកូវីដ-១៩ និងត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ណាមួយ
អំណោយដែលនាំយកមកជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ត្រីខ១យួរ មី១កេស ធុងចម្រោះ១ឈុត សាប៊ូ១ដុំ សំឡីអនាម័យ១ដុំ ៕

អត្ថបទទាក់ទង