នៅព្រឹកថ្ងៃ អង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយ ក្នុងក្រុងបាត់ដំបង ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង ដើម្បីឱ្យមានការយល់ដឹងអំពីគោលបំណងនៃការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ការកាត់សំយ៉ាបមុខផ្ទះ ឬផ្ទាំងប៉ាណូពាណិជ្ជកម្មធំៗ និងការលាបថ្នាំពណ៌ផ្ទះជាដើម ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងនូវអំណរគុណ និងការកោតសរសើរចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្សទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការសហការរៀបចំការកាត់សំយ៉ាបផ្ទះ ការកាត់ផ្ទាំងប៉ាណូពាណិជ្ជកម្មធំៗនៅមុខផ្ទះ ដែលនេះគឺជាមោទនភាពមួយដែលប្រជាពលរដ្ឋចូលរួមយ៉ាងដូច្នេះ ហើយក៏បានធ្វើការរៀបចំសាងសង់សំយ៉ាបផ្ទះថ្មី ដែលស្របតាមគោលការណ៍ប្លង់រួមមួយ ដែលរដ្ឋបាលខេត្តបានកំណត់ផងដែរ ។ ចំណែកឯផ្លូវឡាអេ និងផ្លូវព្រះវិហារក៏មានការរៀបចំសំយ៉ាប រៀបចំសណ្ដាប់ធ្នាប់ដូចគ្នាដែរ ។ ឯកឧត្តមបានបន្តទៀតថា ចំពោះការសាងសង់សំយ៉ាបថ្មីនេះ គឺមិនមានការបង្ខិតបង្ខំឡើយ ពោលគឺប្រជាពលរដ្ឋអាចធ្វើក៏បាន មិនធ្វើក៏បាន ហើយចំពោះប្រជាពលរដ្ឋដែលសាងសង់សំយ៉ាបថ្មីនេះ គឺមិនអាចឱ្យអ្នកណាលើសអ្នកណាឡើយ គឺត្រូវមានប្រវែងស្មើៗគ្នា និងប្រកបដោយភាពរឹងមាំ មានប្រក់ក្បឿងដូចគ្នា ។
ឯកឧត្តមបានបន្តទៀតថា សព្វថ្ងៃនេះ រដ្ឋបាលខេត្តបាត់ដំបង បានខិតខំយ៉ាងខ្លាំងក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងឱ្យកាន់តែមានរបៀបរៀបរយ ក្នុងនោះ ការរៀបចំទុកដាក់សំរាម ការប្រមូលជនញៀនថ្នាំ ជនមានសតិមិនគ្រប់ និងជនអនាថាដែលនៅតាមសាធារណៈ ការកាត់ដើមឈើក្នុងក្រុងគ្រប់ប្រភេទ ដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងក្រុង ក្នុងនោះឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សហការជាមួយរដ្ឋបាលខេត្តក្នុងការចេះទុកដាក់រៀបចំសំរាមរបស់ខ្លួន ពិសេសចូលរួមក្នុងការបង់ថ្លៃជូនដល់ក្រុមហ៊ុនប្រមូលសំរាម ដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាព ក្នុងការទិញជារថយន្តបន្ថែម ឬឧបករណ៍ ឬមានបុគ្គលិកសម្អាតកាន់តែច្រើន និងធ្វើការប្រមូលសំរាមឱ្យកាន់តែឆាប់រហ័សជាងមុន ។
ឯកឧត្តម បានបន្តទៀតថា ចំពោះផ្ទះរបស់ប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់អភិរក្ស គឺត្រូវធ្វើការលាបពណ៌ផ្ទះរបស់ខ្លួនតាមការកំណត់ពណ៌របស់រដ្ឋបាលខេត្ត ហើយសម្រាប់ផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅលើផ្លូវលេខ១ និងលេខ៣ គឺអាចលាបពណ៌តាមចំណង់ចំណូលចិត្តបានក៏ប៉ុន្តែមុននឹងធ្វើការលាបត្រូវស្នើសុំដល់អាជ្ញាធរមុនសិន ដើម្បីឱ្យអាជ្ញាធរពិនិត្យជាមុនសិន ។ ឯកឧត្តមបានបន្តទៀតថា នៅថ្ងៃខាងមុខទៀតនេះ រដ្ឋបាលខេត្តនឹងបន្តរៀបចំចំណីផ្លូវសម្រាប់អ្នកដំណើរថ្មើជើងឱ្យងាយស្រួលដើរ ដោយមានក្រាលជាថ្មក្រានីត ដែលមានកម្ពស់ស្មើៗគ្នា ក្នុងនោះរដ្ឋបាលខេត្តនឹងស្វែងរកក្រុមហ៊ុនផ្គត់ផ្គង់ថ្មក្រានីត ដែលព្រមលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃទាបជាងទីផ្សារ សម្រាប់ឱ្យប្រជាពលរដ្ឋជាវយកទៅប្រើប្រាស់ស្ថិតក្នុងតម្លៃទទួលយកបាន ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីជាការឆ្លើយតបចំពោះប្រជាពលរដ្ឋ រដ្ឋបាលខេត្តនឹងធ្វើការអ៊ុតកៅស៊ូប្រភេទប៉េទីម ទាំងអស់សម្រាប់តំបន់អភិរក្ស ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ បន្ទាប់ពីបញ្ចប់រដូវវស្សារួច និងបន្ទាប់ពីគម្រោងជីកលូរំដោះទឹកកខ្វក់ដែលជាគម្រោងរបស់ADBធ្វើការជីករួចរាល់ផងដែរ ៕