រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែសីហា ឆ្នាំ២០២២

  • 245
  • ដោយ Admin

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបង លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្រ្ដីរាជការដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ឯកឧត្តម សុខ លូ បានដាក់បទបញ្ជាដោយផ្ទាល់ ចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋានស្រុក ក្រុងទាំង១៤នៃខេត្តបាត់ដំបង ត្រូវបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសករណីជួញដូរ ចែកចាយនិងការប្រើប្រាស់គ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ។ ឯកឧត្តមបាន បានបញ្ជាក់ទៀតថា សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបង្រ្កាបករណីជួញដូរគ្រឿងញៀន បង្រ្កាបការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រសមត្ថកិច្ចរបស់ខ្លួនឱ្យបានគ្រប់គោលដៅពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីបង្កើនសន្តិសុខ សុវត្ថិភាពនិងសណ្តាប់សាធារណៈ ក្នុងសង្គមឱ្យមានភាពល្អប្រសើរឡើង ជូនប្រជាពលរដ្ឋបានរស់នៅមានភាពសប្បាយរីករាយ ។ នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការលើកបង្ហាញអំពី ករណីមានការលួចកាប់ ការដឹកជញ្ជូន ការជួញដូរទិញលក់ឈើប្រណិតប្រភេទឈើធ្នង់នៅឃុំដូនបារ ស្រុកគាស់ក្រឡ ដែលរហូតមកដល់នឹងពេលនេះក្រុមការងារបានធ្វើការត្រួតពិនិត្យរួចរាល់ហើយ ដើម្បីស្នើសុំគោលការណ៍ ចាត់វិធានការអនុវត្តវិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិនៃការទិញលក់ និងដឹកជញ្ជូន ។
ក្នុងនោះ ឯកឧត្តម សុខ លូ បានដាក់បញ្ជាទៅក្រុមការងារពាក់ព័ន្ធទាំងអស់ មិនត្រូវឱ្យមានបញ្ហានេះកើតឡើងទៀតទេ សំខាន់ត្រូវគោរពតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយយកតាមវិធានការរបស់អាជ្ញាធរខេត្តទៅអនុវត្តធ្វើការទប់ស្កាត់ឱ្យបាន ។ ក្នុងឱកាសនោះ ឯកឧត្តម បានរម្លឹកឡើងវិញអំពីបញ្ហាអនាម័យបរិស្ថាន សូមឱ្យរដ្ឋបាលស្រុកទាំងអស់ ត្រូវរកទីលានចាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានការចោលសំរាមពាសវាលពាសកាល ព្រោះសំរាមគឺជាបញ្ហារបស់យើងទាំងអស់គ្នាដើម្បីលុបបំបាត់ឱ្យបានល្អ សូមកុំឱ្យមានសំរាមនៅតាមដងព្រែក ដងអូរ ដងផ្លូវ ស្ទឹងបឹងបួរផ្សេងៗទៀតទេ ហើយដាច់ខាតកុំឱ្យមានសំណង់អាណាធិបតេយ្យកើតមានឡើងថ្មីបន្ថែមទៀត ដោយយកក្រុងបាត់ដំបង ជាគំរូមុនគេដែលត្រូវអនុវត្ត ក្នុងនោះការលក់ដូរមិនរៀបរយ ដូចជានៅផ្សារខ្នាចរមាស មានភាពរញ៉េរញ៉ៃមិនរៀបរយលក់ហៀរមកលើដងផ្លូវដែលជាផ្លូវមមាញឹកក្នុងការធ្វើចរាចរណ៍បង្កឱ្យមានការលំបាកខ្លាំងដល់ការធ្វើដំណើរឆ្លងកាត់តំបន់នោះ និងត្រូវស្វែងរកដីទំនេរណាមួយដែលមានទំហំធំ ដើម្បីប្រើប្រាស់ជាទីលានចាក់សំរាម និងស្វែងរកឱ្យបានឆាប់រហ័សដើម្បីកុំឱ្យកកស្ទះសំរាមទាន់ ។ ក្នុងនោះនៅតាមបណ្ដាស្រុកដទៃទៀតក៏មិនត្រូវប្រលែងដៃឡើយពាក់ព័ន្ធបញ្ហាការរៀបចំសណ្ដាប់ធ្នាប់ ពិសេសនៅតាមរមណីយដ្ឋានក្នុងខេត្តនានាក៏ត្រូវរៀបចំសណ្ដាប់ធ្នាប់ដែរ ដោយរៀបចំការលក់ដូររបស់អាជីវករ ឬត្រូវបញ្ឈប់ករណីមានការសាងសង់សំណងអាណាធិបតេយ្យនៅតាមតំបន់រមណីយដ្ឋានសំខាន់ៗនានា ដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃ ធ្វើឱ្យភ្ញៀវទេសចរ លែងចង់មកទស្សនាម្ដងទៀត បណ្ដាលឱ្យបាត់បង់ចំណូលជាច្រើន ៕

អត្ថបទទាក់ទង