រសៀល សុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលង នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
ក្នុងពិធីនេះផងដែរ ក៏មានការអញ្ចើញចូលរួម ពី ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម អគ្គនាយករង ឯកឧត្តម ប្រតិភូអមដំណើរគណៈអធិបតី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការបានអញ្ជើញចូលរួមផងដែរ ។
ត្រូវបានប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងចំនួន ៤រូបបន្ថែម និងប្រកាសផ្ទេរភារកិច្ច នាយករដ្ឋបាលសាលាខេត្តបាត់ដំបង មានដូចខាងក្រោម ៖
១-លោក អ៊ូ ដារី ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ២-លោក មូល ធន ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៣-លោក យឹម សៀប ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៤-លោក ទីន សារ៉ាវុធ ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៥-លោក យ៉ូវ សេងគុណ ជានាយករដ្ឋបាល សាលាខេត្តបាត់ដំបង ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឡើងរាយការណ៍ ដោយសង្ខេប អំពីស្ថានភាពភូមិសាស្ត្រទូទៅ និងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ក៏ដូចជាការរីកចម្រើនក្នុងខេត្ត ជូនអង្គពិធី ព្រមទាំងសម្តែងនូវសេចក្តីរីករាយដែលទទួលបានថ្នាក់ដឹកនាំខេត្តបន្ថែមទៀត ដែលជាធនធានថ្មីសម្រាប់ការងាររដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមចំណែកក្នុងការដឹកនាំ ជំរុញការអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងណែនាំដល់លោកអភិបាលរងខេត្ត និងលោក នាយករដ្ឋបាលសាលាខេត្ត ដែលទើបនឹងប្រកាសតែងតាំងភារកិច្ចថ្មី និងផ្ទេរភារកិច្ចថ្មីនេះ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន និងត្រូវតែខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលបំណងដើម្បីចូលរួមបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាងមុនផងដែរ ។ ឯកឧត្តមបានមានប្រសាសន៍កោតសរសើរដល់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តគំរោងទីក្រុងស្អាត ក្នុងនោះមានការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងឱ្យកាន់តែមានរបៀបរៀបរយ ដោយការកាត់សំយ៉ាបផ្ទះ ឬផ្លាកប៉ាណូពាណិជ្ជកម្មធំៗចេញ ដើម្បីឱ្យទីក្រុងដែលសំបូរអគារបុរាណនេះ បានបញ្ចេញសម្រស់អគារបុរាណរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាខេត្តបាត់ដំបង ឱ្យកាន់តែច្រើន និងទីពីរគឺការរៀបចំទុកដាក់កាកសំណល់រឹងរាវ ឱ្យមានរបៀបរៀបរយជាងមុន ដែលនេះបានបង្ហាញឱ្យឃើញអំពីភាពទំនួលខុសត្រូវ ក្នុងការដឹកនាំខេត្តបាត់ដំបង ប្រកបដោយភាពម្ចាស់ការ ។