រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យគុណភាពផលិតផលណែមនៅទីតាំងលក់ដូរ និងផលិតមួយចំនួននៅក្នុងខេត្តបាត់ដំបង

  • 309
  • ដោយ Admin

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំ ខាល ចត្វា ស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ដោយមានមានការចូលរួមពី លោក ស៊ិន សុីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យគុណភាពផលិតផលណែមនៅទីតាំងលក់ដូរ និងផលិតមួយចំនួនក្នុងខេត្តបាត់ដំបងដោយប្រើរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម (ក.ប.ប) ដែលបានផ្តល់ជូនសម្រាប់បំរើការជាប្រចាំក្នុងខេត្តបាត់ដំបង។
ក្រោយពីការធ្វើពិសោធទៅលើសំណាកផលិតផលណែមដែលលក់ជាច្រើនកន្លែងនៅចំណុច ផ្លូវជាតិលេខ ៥ ស្ថិតក្នុងឃុំអន្លង់វិល ស្រុកសង្កែ និង ទីតាំងសិប្បកម្មផលិតណែមមួយចំនួនទៀត នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ រួចមក ជាលទ្ធផលបានរកឃើញថាផលិតផលណែមទាំងនោះពុំមានផ្ទុកសារធាតុគីមីបូរ៉ាក់(Borax) ដែលប៉ះពាល់ដល់សុខភាព និងអាយុជីវិតអ្នកបរិភោគនោះទេ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមផងដែរថាការត្រួតពិនិត្យនេះនឹងធ្វើឡើងជាបន្តបន្ទាប់ និងទៅលើគ្រប់មុខម្ហូបអាហារដែលសង្ស័យថាមានផ្ទុកសារធាតុគីមីពុល។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មដែលបានផ្តល់រថយន្តមន្ទីរពិសោធន៍ចល័ត(ក.ប.ប)មួយគ្រឿង ដែលអាចពិសោធរកសារធាតុគីមីពុលដែលផ្ទុកក្នុងចំណីអាហារដោយប្រើពេលត្រឹមតែ១០នាទីប៉ុណ្ណោះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់ម្ចាស់សិប្បកម្ម និងអ្នកផលិតផលិតផលអាហារទាំងអស់ សូមកុំប្រើប្រាស់សារធាតុគីមីពុលជាដាច់ខាតដាក់ក្នុងចំនីអារហារព្រោះវាបណ្តាលឱ្យខូចសុខភាព ដល់អ្នកបរិភោគ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះម្ហូបអាហារប្រចាំខេត្តរបស់យើងទាំងមូល៕

អត្ថបទទាក់ទង