ព្រឹកថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៩ ក្រោមប្រធានបទ " កិច្ចគាំពារសង្គមដើម្បីផលិតភាព" ដែលរៀបចំដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង សហការជាមួយក្រុមហ៊ុនសុីម៉ង់ត៍ បាត់ដំបងខនស៍សុីមេន (CONCH Cement) នៅសាលប្រជុំក្រុមហ៊ុនស៊ីម៉ង់ បាត់ដំបងខនស៍ស៊ីមេន (CONCH Cement) ស្ថិតនៅភូមដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុករតនមណ្ឌល កម្មករ និយោជិត និយោជក ប្រមាណជាង៤០០នាក់ ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ ខួប៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្ម អន្តរជាតិ ១ ឧសភា ២០១៩ ។
ឯកឧត្តម ក៏បានធ្វើការសំណេះសំណាល ផ្តាំផ្ញើ និងសួរសុខទុក្ខ ទៅដល់កម្មករ និយោជិត និយោជក ទាំងអស់របស់ ក្រុមហ៊ុនស៊ីម៉ង់ត៍ បាត់ដំបងខនស៍ស៊ីមេន (CONCH Cement) ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៣ នៃទិវា ពលកម្មអន្តរជាតិ ១ ឧសភា ២០១៩ នេះផងដែរ ។
ឯកឧត្តម ក៏បានបន្តទៀតថា ការប្រារព្ធទិវា ១ ឧសភា នេះ បានធ្វើជារៀងរាល់ឆ្នាំ ក្លាយទៅជាទិវាពលកម្មអន្តរជាតិ គឺជាបុណ្យដ៏ធំធេងរបស់ពលករ កម្មករ នៅតាមបណ្ដាប្រទេសជាច្រើនលើសកលលោក។ ដោយឡែកនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៦៩ មក យើងជាសមាជិករបស់អង្គការពលកម្មអន្តរជាតិ (ILO) ហើយឆ្នាំ២០១៩ ជាខួប ៥០ឆ្នាំដែលកម្ពុជាចូលជាសមាជិកនៃ អង្គការអន្តរជាតិខាងការងារ ។ នៅព្រះរាជាណាចក្រកម្ពុជាយើង ទិវាពលកម្ម អន្តរជាតិ ១ ឧសភា នេះ គឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ នឹងជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និងកម្មករនិយោជិតទាំងអស់ ដូចថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និងបុណ្យអន្តរជាតិនានាដែរ ។
បន្ទាប់មកទៀត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ ក៏បានអញ្ជើញចូលរួម ពិសារសាមគ្គីថ្ងៃត្រង់ជាមួយកម្មករ និយោជិត និយោជក របស់ក្រុមហ៊ុនស៊ីម៉ង់ត៍ បាត់ដំបងខនស៍ស៊ីមេន យ៉ាង ស្និទ្ធស្នាល។
សូមជម្រាបថា ក្រុមហ៊ុនស៊ីម៉ង់ បាត់ដំបងខនស៍ស៊ីមេន (CONCH Cement) លីមីធីត ជាក្រុមហ៊ុនដ៏ធំមួយ ដែលបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុននេះចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦ ក្នុងគម្រោងទុនវិនិយោគ ប្រមាណ ២៣០លានដុល្លារអាមេរិក និងដាក់សម្ពោធដាក់ ឱ្យដំណើរការផលិតស៊ីម៉ង់ត៍ជាផ្លូវការ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីតធីត គឺជារោងចក្រដ៏ធំមួយដែលមានបច្ចេកវិទ្យាទំនើប មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ៥,០០០ តោនក្នុងមួយថ្ងៃ ឬស្មើនឹងជិត ១.៨លានតោនក្នុងមួយឆ្នាំ ហើយក្រុមហ៊ុននឹងផលិតស៊ីម៉ងត៍ចំនួនពីរប្រភេទ គឺនិមិត្តសញ្ញាខនស៍ ពណ៌ក្រហម និងខនស៍ ពណ៌ខៀវ សម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសនិងនាំចេញទៅក្រៅប្រទេស ។