រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែក ប្រវែង ៣.៤១០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងបំពាក់ភ្លើងបំភ្លឺសាធារណៈចំនួន ១៣៦បង្គោល ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

  • 236
  • ដោយ Admin

ព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែក ផ្លូវមាត់ស្ទឹងត្រើយខាងកើតចាប់ពីស្ពាន១៣មករា រហូតដល់ផ្លូវលេខ១៥៥ (ស្ពានខ្វែង) ដែលមានប្រវែង ៣.៤១០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងបំពាក់ភ្លើងបំភ្លឺសាធារណៈចំនួន ១៣៦បង្គោល ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ រីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនមន្រ្តីរាជការ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ហើយក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគួរពិសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅ នូវគ្រប់កាលៈទេសៈ ។
ឯកឧត្តម ក៏ផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលជានិច្ចជាកាលសម្តេចក៏តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តបាត់ដំបង ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា​ ខេត្តបាត់ដំបងមានការអភិវឌ្ឍរីកចម្រើនជាលំដាប់គឺបានមកពីការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ សម្តេចក្រឡាហោម ស ខេង លើគ្រប់វិស័យ រួមមានផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ននានាជាច្រើនទៀត។
ឯកឧត្តមបានបន្តទៀតថា ការសាងសង់ និងជួសជុលផ្លូវថ្នល់ នឹងត្រូវធ្វើជាបន្តបន្ទាប់តាមដំណាក់កាលដោយផ្អែកលើកត្តាអាទិភាពជាមុន។ ជាក់ស្តែងផ្លូវមួយខ្សែនេះត្រូវបានចាត់ទុកជាអាទិភាព ដោយសារមានប្រជាពលរដ្ឋរស់នៅច្រើន ហើយពិបាកធ្វើចរាចរណ៍ទៅមកព្រោះមានបញ្ហាច្រាំងបាក់។ ឯកឧត្តមក៍បានជម្រុញឱ្យអាជ្ញាធរពាក់ព័ន្ធរួមមាន ឃុំ សង្កាត់ ស្រុក ក្រុង មន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជាកងវិស្វកម្ម សូមព្យាយាមប្រើប្រាស់កញ្ចប់ថវិការរបស់ខ្លួនក្នុងការកសាងនិងជួសជុលផ្លូវអោយបានច្រើននៅក្នុងមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្តមបានបន្តទៀតថាផ្លូវនេះនឹងត្រូវបំពាក់ភ្លើងបំភ្លឺសាធារណៈចំនួន ១៣៦បង្គោល​ដើរដោយចរន្តអគ្គិសនី ដែលជាបន្ទុករបស់ខេត្ត។ ដើម្បីសម្រាលបន្ទុកការចំណាយទៅលើអគ្គិសនី ឯកឧត្តមបានចង្អុលបង្ហាញពីប្រើប្រាស់បង្គោលភ្លើងឆ្លាតវៃដែលអាចបិទបើកភ្លើងដោយស្វ័យប្រវត្តិ និងបន្ថយពន្លឺសន្សំសច្ចៃថាមពលនៅពេលគ្មានអ្នកបើកបរឆ្លងកាត់។ ប្រព័ន្ធនេះនឹងត្រូវលើកយកមកសិក្សាដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យទីក្រុងឆ្លាតរបស់ខេត្តនាពេលអនាគតខាងមុខនេះ។
ឯកឧត្តមក៏បានអំពាវនាវដល់ អាជ្ញាធរពាក់ព័ន្ធត្រូវគិតគួរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសំណង់មិនរៀបរយ និងជៀសវាងការសាងសង់សំណង់ថ្មីតាមដងស្ទឹងជាដាច់ខាត។ ចំពោះសំណង់ចាស់ដែលមានស្រាប់មិនត្រូវពង្រីកជាសំណង់រឹងឡើយ មិនត្រូវចោលសំរាមក្រោមផ្ទះ ឬក្នុងស្ទឹងជាដើម ជាហេតុប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន សោភ័ណភាព និងទេសចរណ៍តាមដងស្ទឹង។
ឯកឧត្តមក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានទាំងអស់គ្នា ដើម្បីជៀសផុតពីករណីធ្ងន់ធ្ងរដល់សុខភាពដែលបង្កដោយមេរោគនេះ៕

អត្ថបទទាក់ទង