រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង

  • 257
  • ដោយ Admin

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងអស់ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួនក្នុងការសាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ នាពេលនេះ ដែលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្នុងការចែករំលែកនូវទឹកចិត្ត និងក្តីស្រឡាញ់ អាណិតអាសូរ ចំពោះជនរួមជាតិទាំងអស់ ពិសេសជនងាយរងគ្រោះ ដើម្បីជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានឱ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដែលបានរៀបចំពិធីបញ្ចុះបឋមសិលានាពេលនេះគឺជាសមិទ្ធិផលទី២ បន្ទាប់ពីអគារអនុសាខាស្រុកកំរៀង សម្រាប់អាណត្តិទី៥ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាខេត្ត គឺមានប្រភពចំណូលពីសប្បុរសជនតាមរយៈ សមាជិកភាពប្រចាំឆ្នាំ និងការរៀបចំព្រឹត្តិការណ៍ ៨ ឧសភា ជាដើម មានន័យថា សកម្មភាព ទាំងអស់អាចប្រព្រឹត្តទៅបានលុះត្រាណា មានការប្តេជ្ញាចិត្ត និងលះបង់យ៉ាងខ្ពស់ ដើម្បីលើកស្ទួយចលនាមនុស្សធម៌ ពីសំណាក់ មន្រ្តីរាជការ កងកម្លាំង ក្រុមហ៊ុនឯកជន អាជីវករប្រជាពលរដ្ឋ មានការចែករលែក ជាមួយកាកបាទក្រហមទើបកាកបាទក្រហមអាចជួយប្រជាពលរដ្ឋងាយរងគ្រោះនានាបាន។ ឯកឧត្តមបានសង្ឃឹមយ៉ាងមុតមាំ ក៏ដូចជាជំរុញដល់សមាជិកសមាជិកាអនុសាខាកាកបាទក្រហមស្រុកទាំងអស់បន្តចូលរួមលើការងារនេះឲ្យកាន់តែខ្លាំងក្លាទ្វេឡើងថែមទៀត បន្ទាប់ពីអគារយ៉ាងថ្មីប្រណិតមួយខ្នងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ ។
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានចាត់ទុកថា ការកសាងអគារទីស្នាក់ការអនុសាខានេះ ត្រូវបានធ្វើឡើងស្របតាមគោលដៅរបស់កាកបាទក្រហមកម្ពុជា គឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល អ្វីដែលសំខាន់គឺជាការជួយជំរុញបន្ថែមដល់ការផ្តល់សេវាក្នុងវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឱ្យបានគ្រប់ជ្រុងជ្រោយ និងគ្រប់តំបន់ និងបានទាន់ពេលវេលា ។
ឯកឧត្តម បានធ្វើការណែនាំ និងជំរុញដល់អនុសាខា ត្រូវបន្តសកម្មភាពនៃការចុះជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងអ្នកដែលមានជីវភាពក្រីក្របំផុតទោះមួយគ្រួសារក្តី គឺត្រូវតែសង្រ្គោះគាត់ឱ្យបានរួចផុតពីភាពទាល់ច្រកបានមួយរយៈពេលផងដែរ ហើយការជួយនោះគឺមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិ សាសន៍ អ្វីឡើយ គឺត្រូវតែជួយឱ្យបានដូចៗគ្នា ដោយស្មើភាពគ្នា បើពួកគាត់ជួបនឹង បញ្ហាឬគ្រោះធម្មជាតិពិតប្រាកដ គឺត្រូវតែ ជួយឱ្យបានទាន់ពេលវេលា ក្នុងនោះបើហួសលទ្ធភាពក្នុងអនុសាខា ត្រូវធ្វើយ៉ាងណារាយការណ៍មកថ្នាក់ស្រុក ខេត្ត ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកគាត់ឱ្យរស់ក្នុងភាពលំបាក និងការអូសបន្លាយពេលយូរនោះឡើយ ។
គួរបញ្ជាក់ផងដែរថា អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់នេះ មានចំនួន១ខ្នង មានទំហំ១២ម៉ែត្រ គុណ១៤ម៉ែត្រ នៅលើផ្ទៃដីទទឹង១៧ម បណ្តោយ៧០ម៉ែត្រ ក្នុងនោះមានសាលប្រជុំ១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឯកសារនិងសម្ភារ១ បន្ទុប់ទឹក២ ព្រមទាំងតបណ្តាញអគ្គិសនី បំពាក់អំពូល កង្ហារ ខ្លោងទ្វា របង ដងទងជាតិ ឃ្លាំងដាក់សម្ភារៈដាច់ដោយឡែកមានទំហំ ៦ម៉ែត្រ X១២ម៉ែត្រ បន្ទប់ទឹកដាច់ដោយឡែកទំហំ៣ម៉ែត្រX៤ម៉ែត្រ នឹងដំណើរការសាងសង់ជាដំណាក់កាលបន្តបន្ទាប់អស់រយៈពេល ៦ ខែ ដែលជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយស សាខានិងលោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍និងជាអនុប្រធានកិត្តិយសសាខានិងលោកជំទាវ ព្រមទាំងមានការចូលរួមពីសប្បុរសជនផងដែរ ៕

អត្ថបទទាក់ទង