នៅព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកាត់តម្រឹមមែកឈើតាមដងផ្លូវក្នុងក្រុងបាត់ដំបងក្នុងគោលបំណងកែលំអសោភណភាពក្រុង និងផ្តល់សុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនានា។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថារាល់ដើមឈើ និងមែកឈើតាមដងផ្លូវដែលអាចដួលរលំ ឬបាក់ នឹងត្រូវកាត់តម្រឹមតាមបច្ចេកទេស ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងទៅលើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ។ ឯកឧត្តមបានបន្ថែមថាក្នុងអំឡុងពេលរៀបចំកាត់មែកឈើធំៗ ឬខ្ពស់ៗ តម្រូវអោយមានការបិទផ្លូវអោយបានត្រឹមត្រូវ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុកើតមានដល់អ្នកធ្វើដំណើរ ក៏ដូចជាបង្កភាពងាយស្រួលដល់ក្រុមការងារកាត់មែកឈើផងដែរ។
លើសពីនេះទៅទៀត ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធនានា ត្រូវសិក្សាអោយបានច្បាស់លាស់ទៅលើប្រភេទរុក្ខជាតិ ដែលត្រូវដាំលំអបន្ថែមតាមដងផ្លូវក្នុងក្រុង ក៏ដូចជាផ្លូវទៅកាន់រមណីដ្ឋានទេសចរណ៍នានា ហើយត្រូវថែទាំ និងកាត់តម្រឹមជាប្រចាំដើម្បីលើកម្ពស់សោភណភាពឱ្យមានភាពទាក់ទាញ និងស្រស់ស្អាតផងដែរ ៕