រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង

  • 471
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង នៅបន្ទប់ប្រជុំB២ សាលាខេត្តបាត់ដំបង ។
ផែនទីទេសចរណ៍នេះ មានគោលបំណងដើម្បីជំរុញក្នុងការផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ដោយក្នុងនោះត្រូវបានរៀបចំជាផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង មានភ្ជាប់មកនូវQR Code អនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើការស្កេន ដើម្បីស្វែងរកព័ត៌មានផ្សេងៗដែលភ្ញៀវទេសចរចង់បាន ក្នុងនោះក៏បង្ហាញអំពីរមណីយដ្ឋានដែលមាននៅក្នុងទឹកដីខេត្តបាត់ដំបង អាហារដ្ឋាន ភោជនីយដ្ឋានជាដើម ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍គាំទ្រចំពោះគម្រោងខាងលើនេះ ដើម្បីជំរុញក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែមានភាពទូលំទូលាយផង និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តបាត់ដំបង គឺគ្រាន់តែស្កេនQR Codeនឹងបង្ហាញផែនទីទេសចរណ៍គោលដៅនានាដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់ទៅ ។ ឯកឧត្តមបានបន្តទៀតថា ចំពោះគម្រោងខាងលើនេះ សូមមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ធ្វើការសហការដើម្បីផ្ដល់ជាព័ត៌មានអំពីខេត្តបាត់ដំបងឱ្យកាន់តែច្រើនសម្រាប់ដាក់បញ្ចូលនៅក្នុងប្រព័ន្ធនេះឱ្យបានកាន់តែច្រើន ពិសេសត្រូវតែរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយដោយមានការអញ្ជើញពីប្រជាពលរដ្ឋ ម្ចាស់រមណីយដ្ឋាន ឬអាជីវករនានានៅក្នុងខេត្តឱ្យមានការយល់ដឹងពីរបៀបបញ្ជូលព័ត៌មាន និងបញ្ជាក់អំពីទីតាំងអាជីវកម្មរបស់ខ្លួននៅក្នុងផែនទីទេសចរណ៍នេះ ក៏ដូចជាផ្សព្វផ្សាយពន្យល់ដល់អាជីវករឱ្យមានការយល់ដឹងអំពីអត្ថប្រយោជន៍នៃផែនទីទេសចរណ៍នេះផងដែរ ។ ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរដល់ក្រុមការងារ ដែលបានខិតខំរិះរកបង្កើតឡើងនូវអ្វីដែលថ្មី ក្នុងន័យដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែទូលំទូលាយ ផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងពិសេសបង្ហាញថាជាស្នាដៃកូនខ្មែរពិតៗ ដែលយើងអាចធ្វើបាន ៕

អត្ថបទទាក់ទង