រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់

  • 419
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបនឹងជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។


គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីធ្វើការបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យមានការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល ឬការងាររដ្ឋបាលមួយចំនួនទៀត ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីដែលទើបនឹងជាប់ឆ្នោតការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥កន្លងទៅថ្មីៗនេះ ។


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ដល់សិក្ខាកាមទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹងទាំងអស់នេះ ដើម្បីយកទៅអនុវត្តការងារនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព ដោយក្នុងនោះមិនត្រូវខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃនេះអសារបង់ចោលឡើយ ។ ឯកឧត្តម បានបន្តទៀតថា ស្របពេលដែលកម្ពុជាទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ឯកឧត្តមបានធ្វើការណែនាំដល់មេឃុំ ចៅសង្កាត់ទាំងអស់ ត្រូវតែចូលរួមពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញចាប់ពីដូសទី៣ ដល់ទី៥ និងដូសជំរុញបន្តបន្ទាប់ទៀត ក្រើនរំលឹក អប់រំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងកូវីដ-១៩ដែលជាដូសជំរុញនេះ និងបន្តអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាជំងឺរាតត្បាតមួយនេះ ។


ឯកឧត្តមបានណែនាំដល់មេឃុំ ចៅសង្កាត់ទាំងអស់ពិនិត្យមើលលទ្ធភាពបើកផ្លូវមួយចំនួន និងត្រូវទុកចិញ្ចើមផ្លូវឱ្យហើយស្រេច ដោយត្រូវធ្វើការហាមឃាត់ និងទប់ស្កាត់ការយកដីចំណីផ្លូវសាងសង់ជាផ្ទះ ឬសំណងផ្សេងៗ ឬយកដីចំណីផ្លូវមកប្រើប្រាស់ធ្វើឱ្យទំហំផ្លូវកាន់តែតូច ហើយពិសេសបើមិនធ្វើការអន្តរាគមន៍ឱ្យហើយទេ នឹងធ្វើឱ្យកាន់តែពិបាកដោះស្រាយ ។ ឯកឧត្តមបានបន្តណែនាំដល់មេឃុំ ចៅសង្កាត់ទាំងអស់ត្រូវតែយកចិត្តទុកដាក់ទៅលើបញ្ហាបរិស្ថាន អនាម័យសាធារណៈ ត្រូវតែស្អាតជានិច្ច ត្រូវមានការរៀបចំជាយុទ្ធនាការរើសសំរាមនៅតាមភូមិឃុំសង្កាត់របស់ខ្លួន ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យចេះស្រឡាញ់បរិស្ថានរបស់ខ្លួន ចូលរួមសំអាតបរិស្ថាននៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានស្អាតផងដែរ ៕

អត្ថបទទាក់ទង